(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ ហើយជំរុញឲ្យ បន្តពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការបំពេញការងារប្រកបដោយសមត្ថភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីសម្របទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងភាពស្រួចស្រាល់នៅក្នុងការប្រកួតប្រជែងផ្នែកព័ត៌មាន, តួនាទីរបស់ មន្ទីរព័ត៌មានរាជធានី ជាសេនាធិការឲ្យក្រសួងព័ត៌មាន និងជាសេនាធិការឲ្យគណៈបញ្ជាការរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការក្តាប់ព័ត៌មាន និងឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗដែលកើតមានឡើងក្នុងរាជធានីភ្នំពេញ។

នេះជាប្រសាសន៍លើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាមន្ទីរព័ត៌មានរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក កើត ឆែ អភិបាលរង ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួង ព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

ជាមួយគ្នានេះ បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើ ការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មាន ដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនបំពុល។

រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងអាណត្តិទី៧នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ២០២៤ គឺជាឆ្នាំដែលត្រូវចាប់ហ្វ្រាំង ដើម្បីវាយតម្លៃអំពីខ្លួនឯង ហើយបន្តទៅមុខទៀតប្រកបដោយការធានា ប្រសិទ្ធភាព។ ដូច្នេះហើយការធានាបាននូវនិរន្តភាពការងារ អនុវត្តន៍នូវគោលនយោបាយដែលបានដាក់ចុះ គឺយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

បន្ទាប់ពីលោកស្រី ពេជ្រ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ធ្វើរបាយការណ៍ជម្រាបជូនពីវឌ្ឍនៈភាពការងារដែលមន្ទីរសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងលើកទិសដៅការងារបន្តទៅពេលខាងមុខទៀតរួចមក លោក កើត ឆែ អភិបាលរងជាតំណាងលោក ឃួង ស្រេង បានគូសបញ្ជាក់ថា កត្តាធនធានមនុស្សគឺមានសារៈសំខាន់ដើម្បីបំពេញកិច្ចការងារ ដែលទាមទារអោយមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីអនុវត្តន៍ការងារតាមផ្នែក និងជំនាញនីមួយៗ ជាការឆ្លើយទៅនឹងស្ថានភាពនៃការវិវឌ្ឍរីកចំរើនរបស់ ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ពិសេសរួមគ្នាសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញ។

អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងថា ការងារព័ត៌មានគឺមានសារៈសំខាន់ណាស់ នៅលើពិភពលោកគេបានចាយលុយច្រើនណាស់លើការងារព័ត៌មាន ហើយក្នុងជីវិតប្រចាំថ្ងៃរបស់យើង គឺមិនអាចខ្វះព័ត៌មានបាននោះទេ។ ដូច្នេះហើយមន្ទីរព័ត័មាន គឺមានតូនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាន ដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរអោយមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ ដែលកើតឡើងនោះគួរដាក់ផ្សាយឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នកសារព័ត៌មាន ក៏មានតូនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ៕