(កំពង់ឆ្នាំង)៖ យុវតីម្នាក់រស់នៅភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត លោកចៅក្រម និងលោកក្រឡាបញ្ជី រួមទាំងក្រុមការងារទាំងអស់ ដែលទទួលភារកិច្ចការងារកែតម្រូវសំបុត្រ បញ្ជាក់កំណើតជូនប្រជាពលរដ្ឋ ដោយពួកគាត់បានយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះ បម្រើប្រជាពលរដ្ឋដោយយកអស់ពីកម្លាំង កាយចិត្ត និងសេវាឆាប់រហ័សទាន់ចិត្តដោយមិនចាំបាច់ចំណាយសេវាប្រាក់កាសនោះឡើយ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្មួយស្រីឈ្មោះ ផាន់ ស្រីរ័ត្ន អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិព្រីងកោង ឃុំជើងគ្រៀវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ក្មួយស្រីបានយកសំបុត្របញ្ជាក់កំណើតទៅកែឈ្មោះនៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ ក្នុងសំបុត្របញ្ជាក់កំណើតរបស់នាង គឺខុសទាំងឈ្មោះរបស់នាងផ្ទាល់ ខុសនាមត្រកូលរបស់ឪពុក នាង និងនាមត្រកូលរបស់ម្ដាយនាងផងដែរ។

នាងបានបន្តថា ដោយមានការយកចិត្តទុកដាក់ជួយសម្របសម្រួលពីលោក គឹម រត័្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង លោកចៅក្រម ផន សុគន្ធា ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ស៊ាង សំភស់ ក្រឡាបញ្ជីសាលាដំបូងខេត្ត និងក្រុមការងារ នៃសាលាដំបូងខេត្តទាំងអស់ បានជួយប្រឹងប្រែងកែសម្រួលឯកសាររបស់នាងដោយប្រើរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នាងបានឯកសារត្រឹមត្រូវតាមច្បាប់ដើម្បីយកទៅប្រើប្រាស់ ទៅតាមតម្រូវការចាំបាច់របស់នាងដែលត្រូវដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េ ដោយត្រូវដាក់ពាក្យនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ជាចាំបាច់៕