(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា ក្មេងដែលមានបញ្ហាក្រិស ក្រិន គឺបណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលជាបញ្ហាពិបាកក្នុងការធ្វេីឱ្យវិលមកដូចធម្មតាបាន។
លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះនាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាឱកាសដែលអង្គការភ្លែន អន្តរជាតិកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង ១០ស្ថាប័ន ចុះទស្សនកិច្ចសិក្សា ទាក់ទងនឹងសុខភាពអនាម័យដែលគិតគូពីអាហារូបត្ថម្ភ មកខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះថា «ក្មេងដែលមានបញ្ហាក្រិស ក្រិន បណ្តាលមកពីបញ្ហាកង្វះអាហារូបត្ថម្ភដ៏រាំរ៉ៃមួយ ដែលយើងពិបាកក្នុងការធ្វើឲ្យបញ្ហារាំរ៉ៃនេះវាអាចវិលមកដូចធម្មតាបាន ដូច្នេះហើយយើងត្រូវការពារបែបណាកុំក្មេងដែលមានបញ្ហាស្គមស្គាំង វាឆ្លងទៅរកបញ្ហាក្រិស ក្រិនបាន ប្រសិនបើយើងទប់ស្កាត់បញ្ហាស្គមស្គាំងបានល្អ ការព្យាបាលឲ្យបានទាន់ពេលវេលា វាមិនអាចវិវត្តទៅរកក្រិស ក្រិនបាននោះទេ»។
លោកវេជ្ជបណ្ឌិត ជា សំណាង បានបន្តថា បញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ គឺមិនគិតក្មេងស្គមស្គាំង និងក្រិស ក្រិននោះទេ សូម្បីតែក្មេងធាត់លើសទម្ងន់ក៏គេចាត់ទុកជាបញ្ហាកង្វះអាហារូបត្ថម្ភ ដែរ ដែលមានផលលំបាកប៉ះពាល់ដល់សុខភាពផងដែរ។