(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន២៧រូប សម្រាប់អាណត្តិទី៤។

នាឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោតទោះបីជា លោក លោកស្រី មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗពីគ្នា ក៏ពិតមែន ប៉ុន្តែតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល។ ហេតុនេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សូមស្នើឱ្យខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព ដោយយុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។

លោកអភិបាលខេត្ត បានឱ្យដឹងថា គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្នុងរយៈពេល៥ឆ្នាំ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។ ជាពិសេសការចាត់វិធានការក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ និងការលុបបំបាត់នូវរាល់សកម្មភាព អសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។

លោកសន្តិបណ្ឌិត នេត សាវឿន បានយកឱកាសនេះ កោតសរសើរខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុកទាំងអស់ ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់។ ទន្ទឹមនឹងនេះ ការកត់សម្គាល់របស់រាជរដ្ឋាភិបាលឃើញថាខេត្តកំពង់ចាម រួមទាំងក្រុមប្រឹក្សារួមទាំងគណៈអភិបាល ខេត្ត ក្រុង ស្រុក គឺបំពេញការងារ ទទួលបានជោគជ័យ ក្នុងការបម្រើប្រជាពលរដ្ឋ អំពីការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ទោះបីបទល្មើស ទោះបីគ្រោះថ្នាក់ចរាចរណ៍ ទោះបីបញ្ហាគ្រឿងញៀន នៅមានបញ្ហា ក៏ប៉ុន្តែដំណើរការរបស់យើងធ្វើបានល្អ និងបានធ្វើឱ្យសភាពការណ៍ទាំងអស់នោះ មានការថយចុះជាលំដាប់។

លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបន្តថា ខេត្តកំពង់ចាម បានបំពេញល្អ ចំពោះកិច្ចការបម្រើសេវាសាធារណៈទោះបីមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែត្រូវបានទទួលស្គាល់ថា ការបម្រើសេវាសាធារណៈឱ្យសង្គមទាំងមូល នៅក្នុងខេត្ត មានការជឿនលឿនជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីថា សេវាសាធារណៈ ត្រូវប្រាជ្ញាចិត្តបន្ត ត្រូវកែប្រែឥរិយាបថបន្ត ប៉ុន្តែគុណភាពការងាររបស់យើង ត្រូវបានដំណើរការល្អជាបន្តបន្ទាប់ផងដែរ៕