(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងសមាជិកក្រុមប្រឹក្សាខណ្ឌ ៧មករា អាណត្តិទី៤។

ពិធីនេះប្រារព្ធឡើងនៅសាលាខណ្ឌ៧មករា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កែ ប៊ុនឡេង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អភិបាលរងខណ្ឌ លោកអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេស លោកស្រី ក្រុមការងារចុះមូលដ្ឋានខណ្ឌ, លោក លោកស្រី មន្ត្រីសាលាខណ្ឌ សង្កាត់ មន្ត្រីការិយាល័យជំនាញជាច្រើននាក់។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំ គណៈអភិបាលខណ្ឌ បានសហការល្អជាមួយក្រុមប្រឹក្សា ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទទួលបាននូវសូចនករមួយប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាពអសកម្មមួយចំនួន ដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ។

លោកបានបន្តថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាលខណ្ឌ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខណ្ឌ បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូកដ្ឋានឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន៖ ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតនានាកន្លងមកនេះ។

លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ ៧មករា អាណត្តិទី៤ ទើបប្រកាសថ្មីនេះ បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផលប្រយោជន៍ប្រជាជន និងគោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តឱ្យបានតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញាបំពេញភារកិច្ច ដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញាចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

លោក នួន ផារ័ត្ន ក្នុងនាមគណៈអភិបាលរាជធានី ក្រុមប្រឹក្សារាជធានី បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំរាជធានី ឱ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ លោកណែនាំឱ្យខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយ ពូជសាសន៍ និងប្រកាន់និន្នាការនយោបាយ។

លោក នួន ផារ័ត្ន បានបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាព ការងារ ការគោរពច្បាប់ គោលការណ៍នានា របស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតប ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។

លោក នួន ផារ័ត្ន បានជំរុញឱ្យក្រុមប្រឹក្សាខណ្ឌ៧មករា បន្តយកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត។ បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញ ឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ការិយាល័យជំនាញនីមួយៗ។ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យសំខាន់ៗ នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើន៕