(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតលើកដំបូងរបស់សមាគមសង្គហមិត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ដែលជាសមាជិក សមាជិកាទ្រទ្រង់សមាគម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសមាជិក សមាជិកានៃសមាគមសង្គហមិត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត តាមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។ នេះជាលើកទី១ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទចាត់តាំងបង្កើតសមាគមសង្គហមិត្តមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នេះបើតាមរបាយការណ៍ការសង្ខេរបស់លោក ឈឹម សៅគី។

លោក ឆាយ ឫទ្ធិសែន បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយការបង្កើតសមាគមសង្គហមិត្តនេះឡើង គឺបង្ហាញពីការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការគ្រប់រូបក្នុងក្របខណ្ឌ «មិត្តជួយមិត្ត ដើម្បីសាមគ្គីភាព និងសេចក្ដីស្រឡាញ់» បន្ថែមពីលើគោលនយោបាយគាំពារនានារបស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ «មិនត្រូវទុកឱ្យមន្ត្រីរាជការណាម្នាក់ មានទុក្ខលំបាក ដោយមិនបានជួយដោះស្រាយនោះឡើយ»

លោកប្រធានកិត្តិយសសមាគមបានបន្ដថា ការបង្កើតសមាគមនេះក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយគ្នាទៅវិញទៅមកជា សម្ភារៈ ថវិកា និងស្មារតីដល់សមាជិកគ្រប់រូប ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា អតីតមន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

លោកបានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ចូលរួមគិតគូរជួយឧបត្ថម្ភគាំទ្រ ដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងលក្ខន្តិកៈសមាគម ដើម្បីធ្វើយ៉ាងណាឱ្យសមាគមនេះទទួលបានលទ្ធផលល្អប្រសើរ និងជាក្តីសង្ឃឹមរបស់មន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងនៅថ្នាក់ក្រសួង និងមន្ទីររាជធានីខេត្ត ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្នុងអង្គភាព និងលើកទឹកចិត្តមន្ត្រីរាជការ ដែលមិនទាន់បានចូលជាសមាជិកសមាគមឱ្យចូលរួមបានទាំងអស់គ្នា ដែលបង្ហាញពីការជួយគ្នាទៅវិញទៅមក គឺជាកម្រងអនុស្សាវរីយ៍នៃសេចក្តីស្រឡាញ់ មិត្តភាព សាមគ្គីភាព និងគំរូសង្គមដ៏ល្អ៕