(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់អេដស៍ ដែលជាគ្រោះគម្រាមកំហែងដល់សុខភាពសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តជាឯកច្ឆន្ទ ដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីកម្ពុជាគ្មានអេដស៍។
ការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងដូច្នេះ គឺក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន
លេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការអន្តរជាតិ និងអង្គការសង្គមស៊ីវិល មានចំនួនសរុបប្រមាណ ១៧០រូប។ លោកទេសរដ្ឋមន្រី្ត អៀង មូលី ក៏សូមថ្លែងនូវការកោតសរសើរដ៏ស្មោះ ជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែង និងកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជំរុញ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបានទទួលលទ្ធផលជាផ្លែផ្កាគួរជាទីពេញចិត្ត។
លោកទេសរដ្ឋមន្រី្ត អៀង មូលី បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយយ៉ាងមុតមាំបន្ថែមទៀតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តបេសកកម្មដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន សមស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានត្រូវរៀបចំឡើងជាឧបករណ៍ដ៏មុតស្រួច ក្នុងការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យទាំងនៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបីគឺ ទី១) ភាពជាអ្នកដឹកនាំ ឬភាពជាម្ចាស់, ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍បីមួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដាន និងវាយតម្លៃតែមួយ។ លើសពីនេះ គោលនយោបាយជាតិក៏បានចង្អុលទិស ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យលុបបំបាត់ជំងឺអេដស៍ ដើម្បីធានានូវការឆ្លើយតបមួយឱ្យបានសមស្របទៅ នឹងសេចក្តីត្រូវការជាអាទិភាពក្នុងចំណោមក្រុមគោលដៅ រួមជាមួយនឹងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធផល និងប្រសិទ្ធភាពឈានទៅសម្រេចបាននូវគោលដៅតាមកាលកំណត់។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា យោងតាមគម្រោងផែនការសកម្មភាពឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ធ្វើឡើងដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល ប្រសិទ្ធភាព ឬបញ្ហាប្រឈម ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤។
តាមរបៀបវារៈ កិច្ចប្រជុំយើងនឹងមានបទបង្ហាញចំនួនពីរ រួមមាន៖
ទី១.បទបង្ហាញសេចក្តីព្រាងស្តីពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣ បង្ហាញជូនដោយលោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ទី២.បទបង្ហាញស្តីពីគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បង្ហាញជូនដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មកយើងនឹងមានការពិភាក្សារួមគ្នា និងដាក់ចេញនូវសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ផងដែរ។
អង្គប្រជុំទាំងមូល បានធ្វើការគោរពអបអរសាទរ រួមជាមួយនូវការថ្លែងនូវអំណរគុណ ប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។
ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ឬស្ថាប័នអន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានប្រឹងប្រែងបន្តចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលកំពុងកើតមានឡើងយ៉ាងណាក៏ដោយ។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖
ទី១. ចូលរួមអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយជាតិបញ្ចប់អេដស៍អេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា និងចីរភាពកម្មវិធី
ទី២. ជំរុញទីស្តីការគណៈរដ្ឋមន្ត្រី និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សម្របសម្រួល ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៣. ជំរុញក្រសួងមហាផ្ទៃឱ្យណែនាំសម្របសម្រួលរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នៅរាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យបានជោគជ័យ។
ទី៤. ជំរុញក្រសួងអធិការកិច្ចចូលរួមធ្វើអធិការកិច្ច តាមតួនាទីក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នេះឱ្យសម្រេចតាមគោលដៅដែលបានកំណត់៕