(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី៤ ចំនួន២៧រូប ដែលលោក យស ណាស៊ី ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ, លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ក្រុង ទាំង១០នៃខេត្តតាកែវ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៩០នាក់ នៅសាលាខេត្តតាកែវ។

នៅក្នុងឱកាសនោះដែរ លោក ជា វ៉ាន់ដេត ក៏បានលើកឡើងពីតួនាទី និងភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងការត្រួតពិនិត្យតាមដានការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តការងារចំគោលដៅ និងបានល្អប្រសើ។

លោក ជា វ៉ាន់ដេត បានឱ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅលើវិស័យអាទិភាពមួយចំនួនដូចជា៖ វិស័យអប់រំ វិស័យសុខាភិបាល និងការកែទម្រង់រដ្ឋបាលសាធារណៈ ដូច្នេះ ដើម្បីឱ្យការអនុវត្តការងារទាំងអស់នេះឱ្យបានល្អនៅថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាខេត្តត្រូវតាមដាន និងត្រួតពិនិត្យការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ ហើយបើរកឃើញមានភាពមិនប្រក្រតីណាមួយ ត្រូវតែលើកឡើងជាយោបល់ទៅកាន់គណៈអភិបាលខេត្ត ដើម្បីកែលម្អការអនុវត្តការងារនេះឱ្យបានល្អប្រសើរឡើងវិញ៕