(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចនៅសហភាពអឺរ៉ុប ដើម្បីស្វះស្វែងអូសទាញ និង​បញ្ចុះបញ្ចូលអ្នកវិនិយោគនៅសហភាពអឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជា។

ការកៀរគរវិនិយោគបរទេសចូលមកកម្ពុជា គឺជាកិច្ចការដ៏ចាំបាច់មួយក្នុងគោលនយោ​បាយ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើ​កិច្ចការវិនិយោគនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែត្រាច់ចរទៅតាម​បណ្តាប្រទេសនានា ដើម្បីកៀរគរការវិនិយោគ។

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយអ្នកវិនិយោគពីសមាគមឧកញ៉ាកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេស​ជាច្រើននៅតំបន់អឺរ៉ុប ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាបញ្ចុះបញ្ចូលអ្នកវិនិយោគនៅតំបន់អឺរ៉ុប ឱ្យចូលមកវិនិយោគនៅកម្ពុជា។

ផ្តើមថ្ងៃដំបូងនៃដំណើរទស្សនកិច្ច «គោះទ្វារវិនិយោគ» នៅសហភាពអឺរ៉ុប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពិភាក្សាការងារជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួង​ពាណិជ្ជកម្ម ប្រទេសអេស្ប៉ាញ។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបលោកស្រីរដ្ឋលេខាធិការ អំពីសក្តានុពលវិជ្ជមាន​របស់​កម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពល​កម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថា កម្ពុជា និងអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមាន​សន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។

លោកស្រី Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍លោក​ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។

បន្ទាប់ពីជំនួបនេះទៅនៅព្រឹកថ្ងៃទី១០ ខែមិថុនា ដដែលនេះ លោក ស៊ុន ចាន់ថុល និងលោកស្រី Amparo Lopez Senovilla បានអញ្ជើញបើកសិក្ខាសាលាស្តីពីការ​វិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាព​វិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំ និងមានការ​ចូលរួមពីសភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។

ថ្លែងក្នុងសិក្ខាសាលានោះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សរីករាយ​ដែលបានចូលរួមក្នុងសិក្ខាសាលានេះ។ ក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា អំពីសក្តានុពលកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។

ជាសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះ នឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

បន្ទាប់ពីនេះ តាមរយៈបទបង្ហាញ និងវគ្គសំណួរចម្លើយរបស់លោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចកាន់តែស៊ីជម្រៅបន្ថែមទៀតអំពីបរិយាកាស ការគាំទ្ររបស់រាជរដ្ឋាភិបាល និងសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ពិសេសលើវិស័យយានយន្តនិងអេឡិចត្រូនិក, កសិកម្មនិងកសិ-ឧស្សាហកម្ម, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម៕