(កែប)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងបុគ្គលិកអប់រំ នៅខេត្តកែប​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេស សរុបប្រមាណ ២០នាក់។

សិក្ខាសាលានេះត្រូវបានប្រារព្ធឡើងដើម្បីធ្វើការពិភាក្សាអំពីបញ្ហាប្រឈមក្នុងយុទ្ធសាស្ត្រពង្រឹងការអប់រំ និងចូលរួមដោះស្រាយបញ្ហាផ្សេងៗ ក្នុងវិស័យអប់រំក៏ដូចជាការសិក្សា ដើម្បីដោះស្រាយបញ្ហាតាមវិស័យ ហើយស្នើឱ្យមានការរៀបចំជាប្រព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈម។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ដើម្បីជួយតំរង់ទិសក្នុងការអនុវត្តការងារ ក៏ដូចជាការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវរបស់បុគ្គលិក ត្រូវមានការបែងចែកជំនាញឱ្យច្បាស់លាស់ក្នុងកម្រិតនយោបាយ ដែលមានន័យថាអគ្គលេខាធិការគឺជាអ្នកទទួលខុសត្រូវក្នុងការធ្វើការងារបច្ចេកទេស ដែលមានតួនាទីសំខាន់ក្នុងការពង្រឹងស្ថាប័ន ដោះស្រាយបញ្ហាគន្លឹះៗ ក្នុងកម្រិតបច្ចេកទេសនិងនយោបាយ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា នៅក្នុងគម្រោងកែទម្រង់ ១០ឆ្នាំជាងមកនេះត្រូវទទួលបានការវាយតម្លៃខ្ពស់ចំពោះវិស័យអប់រំនេះ។ ដើម្បីជាការបញ្ជាក់ គឺសាលារៀនគំរូនេះត្រូវអនុវត្តឱ្យបានល្អ ហើយត្រូវរៀបចំទិន្នន័យជាប្រព័ន្ធក្នុងឆ្នាំ២០២៦។

ការប្រែក្លាយជាសាលារៀនគំរូក្នុងន័យនេះ គឺត្រូវដោះស្រាយចំពោះបញ្ហាប្រឈមរបស់សាលារៀន គ្រូបង្រៀន ការគ្រង់គ្រងបុគ្គលិក ដើម្បីអាចរៀបចំរបាយការណ៍ជូនថ្នាក់លើ និងសាធារណៈជន។ ទន្ទឹមនឹងនេះត្រូវដោះស្រាយបញ្ហាជាប្រព័ន្ធរបស់សាលារៀនគំរូតែម្ដង និងជាឱកាសក្នុងការបណ្ដុះបណ្ដាលបន្តឱ្យអ្នកបន្ដវេនធ្វើកិច្ចការ និងសម្រាប់ជួយគាំទ្រ។

លោកបានគូសបញ្ជាក់បន្ថែមទៀតដោយស្នើរៀបចំវិធីសាស្ត្របង្រៀន ការពង្រឹងជាប្រចាំ និងការផ្សព្វផ្សាយ និងឈានទៅរកការគ្រង់គ្រងតាមបែបឌីជីថល ដើម្បីអាចគ្រប់គ្រងសាលារៀនក្នុងកម្រិតមួយ ដែលអាចងាយស្រួលក្នុងការគ្រប់គ្រង។ ក្នុងឆ្នាំ២០២៦ ត្រូវរៀបចំការងារជាប្រព័ន្ធមួយដែលរឹងមាំ នឹងមានការអនុវត្តជាប្រចាំ ដើម្បីធ្វើការពិភាក្សា ពិនិត្យការងារ និងអនុវត្តការងារបន្ដ៕