(ភ្នំពេញ)៖ ផ្នែកកិច្ចការសាធារណៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក [ASIA PACIFIC INTERNATIONAL SPIRITS & WINES ALLIANCE (APISWA)]និងភាគីកម្ពុជាបានពិភាក្សារកវិធានការដើម្បីទប់ស្កាត់និងលុបបំបាត់នូវការផលិត ការកែច្នៃ ការនាំចេញនាំចូល ការលក់ដូរ ការប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ ហានិភ័យដល់សុវត្ថិភាពសង្គម។

ការពិភាក្សានេះធ្វើឡើងក្នុងឱកាសលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម (គ.ប ផ.ក) បានអនុញ្ញាតឱ្យលោកស្រី Siau Xi GOH ប្រធានផ្នែកកិច្ចការសាធារណៈប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី ចូលជួបពិភាក្សាការងារ ដោយមានការចូលរួមពី តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាអនុប្រធានសមាជិក នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចជំនួបពិភាក្សានេះ គឺធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ យុទ្ធសាស្ត្រ និងស្វែងយល់អំពីបញ្ហាផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណ:ដោយសារការប្រើប្រាស់នូវផលិតផលក្លែងក្លាយ និងរកវិធានការដើម្បីទប់ស្កាត់និងលុបបំបាត់នូវការផលិត ការកែច្នៃ ការនាំចេញនាំចូល ការលក់ដូរ ការប្រើប្រាស់ផលិតផលក្លែងក្លាយដែលបណ្ដាលឱ្យគ្រោះថ្នាក់ ហានិភ័យដល់សុវត្ថិភាពសង្គម៕