(កែប)៖ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៤ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែបអាណត្តិថ្មី លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត លោក-លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្តអាណត្តិថ្មី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រេីនរូប។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្ត ពិសេសការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ លោកអភិបាលខេត្ត បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត អាណត្តិថ្មីនេះផងដែរ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានប្រគល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនដល់ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិ៤ថ្មី និងលោក-លោកស្រី សមាជិក សមាជិកាទាំង១៤រូប។  ជាមួយគ្នានេះដែរ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យសមាជិក សមាជិកាទាំងអស់ ក៏បានឡើងធ្វើការប្តេជ្ញាចិត្តផងដែរ។

នាឱកាសនោះ លោកបណ្ឌិត សាយ សំអាល់ បានមានប្រសាសន៍ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេស គឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

លោកឧបនាយករដ្ឋមន្ត្រី  សាយសំអាល់ បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តកែប ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍ខេត្តកែប ឲ្យរីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕