(ត្បូងឃ្មុំ)៖ នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៉ិច ១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីដំណើ ឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដល់ប្រតិភូនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៥០នាក់ កណ្តាល ចំនួន ៥០នាក់ កំពង់ឆ្នាំង ៥០នាក់ ព្រៃវែង ៥០នាក់ ស្វាយរៀង ៥០នាក់ កំពង់ចាម ៥០នាក់ និងត្បូងឃ្មុំ ចំនួន ៥០នាក់ សរុប ៣៥០នាក់។

ក្នុងនោះផងដែរប្រតិភូក៏បានអញ្ជើញគោរពវិញ្ញាក្ខន្ធ និងចងចាំនូវឧបការគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និ ង បុព្វបុរសដែលពលី មរណៈ ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់យុទ្ធមិត្តរបស់លោក ទាំងពេលនៅមានជីវិត បានជួយដោះស្រាយទុក្ខលំបាក ហើយពេលពលី មរណៈ ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធ្វើមាតុភូមិនិវត្តន៍នូវសពយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាចំនួន៤៩រូប ដែលបានពលីនៅពេលធ្វើការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកប្រទេសកំណើតវិញតាមប្រពៃណី សាសនា ពិធីការកងទ័ព និងពិធីការរដ្ឋ យ៉ាងអធិកក្រៃលែង៕