(បាត់ដំបង)៖ ព្រោះតែការនឿយណាយ និងអស់ជំនឿចិត្តចំពោះការ ដឹកនាំរបស់គណបក្សភ្លើងទៀន ជាពិសេសដោយសារខឹងទណ្ឌិត សម រង្ស៉ី ប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ក្បាលម៉ាស៉ីន និងសកម្មជនរបស់គណបក្សភ្លើងទៀន នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រកាសផ្ដាច់ខ្លួនចេញពីបក្ស។

ថ្នាក់ដឹកនាំបក្សភ្លើងទៀននៅឃុំព្រះផុស សុទ្ធសឹងជាបុគ្គល ដែលធ្វើសកម្មភាពយ៉ាងសកម្មជួយកិច្ចការនយោបាយរបស់បក្សប្រឆាំងយូរឆ្នាំមកហើយ។ ពួកគេបានសម្រេចចិត្តដើរចេញពីបក្សនេះ ក៏ព្រោះតែបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ និងដំណើរជីវិតរបស់បក្សប្រឆាំង ដែលបែកបាក់សាមគ្គី ប្រកាន់បក្ខពួក និងខ្វះតម្លាភាពលើការដឹកនាំជាដើម។

បន្ថែមពីលើនោះ ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្សប្រឆាំងផងដែរ។

ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។

ក្រៅពីសម្រេចចិត្តដើរចេញពីបក្សប្រឆាំង ដែលធ្លាប់រួមរស់ជាមួយហើយនោះ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀននៅឃុំព្រះផុស ក៏បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ ពួកគេយល់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍ជាតិ ជាបង្អែករឹងមាំធានាសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាទុនមិនអាចខ្វះបានក្នុងកិច្ចកសាងជាតិ៕

ខាងក្រោមនេះជាវីដេអូ លើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅឃុំព្រះផុស៖