(ភ្នំពេញ)៖ សហជីពមូលដ្ឋាន ដែលទើបចុះបញ្ជិកាថ្មីក្នុងឆ្នាំ២០២៤នេះ បានអះអាងថា ដំណើរការចុះបញ្ជិកាសហជីពមានភាពងាយស្រួល និងគ្មានការរើសអើងឡើយ ផ្ទុយពីការលើកឡើងរបស់អង្គការសង់ត្រាល់ ដែលផ្សាយបំភ្លៃការពិតថា ដំណើរការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញច្រើនលើសំណុំបែបបទរដ្ឋបាល។

ការលើកឡើងរបស់សហជីពមូលដ្ឋានធ្វើឡើងបន្ទាប់ពី អង្គការសង់ត្រាល់ចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកទាំងបំភ្លៃថា ការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញ មានឧបសគ្គរារាំងផ្នែករដ្ឋបាល និងផ្នែកយុត្តិធម៌ ធ្វើឱ្យសហជីពមានការពិបាក។

លោក ស៊ីម ចិត្រឧត្តម ប្រធានសហជីពមូលដ្ឋាន នៅរោងចក្រ គ្រីអេធីវ បានឱ្យដឹងថា ពេលលោកទៅចុះបញ្ជិកាសហជីព ខាងក្រសួងការងារមានការយកចិត្តទុកដាក់ជួយសម្រួល ណែនាំពន្យល់បន្ថែមនៅកន្លែងដែលលោកមិនសូវយល់ ហើយថែមទាំងជួយផ្ទៀងផ្ទាត់សំណុំបែបបទឯកសារទៀតផង។ លោកនិយាយថា៖«(ក្រសួង)ជួយសម្រួល និយាយទៅគាត់ជួយសម្រួលច្រើនណាស់ ព្រោះយើងអត់សូវដឹងអ៊ីចឹងហាស់ គាត់ជួយតាំងពីផ្នែកព័ត៌មាន ផ្នែកអីស្រួលហ្មង »។

លោកបន្ថែមទៀតថា ចំណែកការអនុវត្តន៍ការងារនៅកន្លែងផ្ទាល់ មិនមានបញ្ហាប្រឈមក្នុងការរឹតត្បិតសិទ្ធិសេរីភាព ឬមានការព្រួយបារម្ភយ៉ាងណាមួយពីសកម្មភាពការងាររបស់លោកឡើយ ពោលគឺសហជីព និងនិយោជកធ្វើការបានល្អជាមួយគ្នា ជួយបំពេញឱ្យគ្នានូវចំណុចខ្វះចន្លោះដើម្បីប្រយោជន៍រួម។

រីឯលោក អ៊ុច សុភាព ប្រធានសហជីពមូលដ្ឋាននៅ រោងចក្រត្រាយអាំហ្វិន បានលើកឡើងផងដែរថា ការចុះបញ្ជិកាសហជីពគ្មានភាពលម្អៀង ឬការរើសអើងអ្វីទាំងអស់។ ក្នុងការបំពេញបែបបទ លើសំណុំឯកសារ មន្ត្រីក្រសួងបានផ្តល់ការយកចិត្តទុកដាក់តាមរយៈ ការជួយពិនិត្យមើលសំណុំបែបបទឯកសារយ៉ាងល្អិតល្អន់។ លោកថា បើសិនជាការបំពេញខ្វះចន្លោះត្រង់ចំណុចណាមួយ ក្រសួងបានប្រាប់ចំណុចដែលត្រូវកែ ហើយសហជីពក៏កែបានតម្រូវតាមអ្វីដែលក្រសួងបានណែនាំ និងផ្តល់យោបល់ឱ្យដោយរលូន។

លោកបញ្ជាក់ថា៖«តាំងពីការស្នើសុំចុះបញ្ជិកាហជីពខ្ញុំមក គឺឃើញថាវាល្អប្រសើរ អ៊ីចឹងខាងក្រសួងជួយសម្រួលឱ្យបានល្អ ហើយឃើញមួយរយៈហ្នឹងគឺក្រសួងគាត់យកចិត្តទុកដាក់សម្រាប់ខាង សហជីព អ៊ីចឹងឃើញថាល្អប្រសើរជាងមុន អត់មានបញ្ហាអីទេ»។

ចំណែកលោក សុខ ហេង ប្រធានសហជីពមូលដ្ឋាននៅ រោងចក្រ ញូថាហ្គេត បានប្រាប់ថា ការអនុវត្តន៍សិទ្ធជាសហជីពរបស់លោកមិនមានការរារាំង ឬការបំពានណាមួយកើតឡើងឡើយ។ ការងារជាក់ស្តែងទាំងសហជីព និងក្រុមហ៊ុន ធ្វើការជាមួយគ្នាតាមច្បាប់ ពេលមានរឿងអ្វីមួយតែងពិភាក្សាគ្នារកដំណោះស្រាយរួម ដោយគោរពសិទ្ធគ្នាទៅវិញទៅមក។

លោកថា ចំពោះការចុះបញ្ជិកា បើសហជីពមានព័ត៌មានឯកសារគ្រប់គ្រាន់ ហើយបំពេញបែបបទត្រឹមត្រូវនោះគ្មានអ្វីជាឧបសគ្គឡើយ ពោលគឺ ក្រសួងគ្មានការរឹតត្បិតធ្វើឱ្យមានការលំបាកផ្នែករដ្ឋបាលអ្វីទាំងអស់។

លោកលើកឡើងថា៖«ដំណើរការចុះបញ្ជិកាហ្នឹងអត់មានអីត្រូវពិបាកទេ ក្រសួងអត់មានធ្វើឱ្យពិបាក ឬការរាំងស្ទះដោយប្រការណាមួយនោះទេ ទៅដល់គាត់បានទទួល ហើយក៏បានសួរនាំពីការងារផ្សេងៗ»។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ សហជីពនៅកម្ពុជាមានចំនួនជាង ៣ ០០០សហជីព រហូតដល់មកដល់ឆ្នាំ២០២៣ សហជីពនៅកម្ពុជាបានកើនឡើងដល់ជាង ៦ ០០០ សហជីព។ ដោយឡែក៥ ខែដើមឆ្នាំ២០២៤នេះ មានសហជីពទើបចុះបញ្ជិកាថ្មីចំនួន៧០បន្ថែមទៀត។ នេះបើតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕