(បាត់ដំបង)៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទដារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក លោកស្រី ជាថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ,ប្រតិភូមអមដំណើរ អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង, គណ:អភិបាលខេត្ត, ថ្នាក់ដឹកនាំ, អភិបាលក្រុង ស្រុក មន្ត្រីរាជការ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត, តំណាងសាលាឧទ្ធរណ៍បាត់ដំបង, តំណាងសាលាដំបូងខេត្ត, កងកម្លាំងទាំងបី និងក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តបាត់ដំបងចូលរួមជាច្រើន។

ក្នុងឱកាសនោះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៤ បានឡើងប្តេជ្ញាចិត្តសហការជាមួយគណ:អភិបាលខេត្ត ដើម្បីបំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍
លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដល់អ្នកពាក់ព័ន្ធឲ្យបានល្អប្រសើរផងដែរ។

នៅក្នុងឱកាសនេះ លោក កើត រិទ្ធ បានធ្វើការអបអរសាទរចំពោះ សមាជិកក្រុមប្រឹក្សាខេត្តដែលទើបបោះឆ្នោតនិងតែងតាំងថ្មីក្នុងអាណត្តិទី៤ ក្នុងខេត្តបាត់ដំបង សូមខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹងគោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃកម្ពុជា អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ប្តេជ្ញា បំពេញភារកិច្ច ដោយអនុ
លោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

ថ្លែងនៅក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានរំលឹកអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល
ទី៧ នៃរដ្ឋសភាព្រមជាមួយនឹងកម្មវិធីនយោបាយជាអាទិភាព ៦ ចំណុច និង វិធានការគន្លឹះចំនួន ៥ ដែលត្រូវបានប្រកាសដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ។

លោក កើត រិទ្ធ បានណែនាំឱ្យរដ្ឋបាលខេត្ត ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេស លើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ការជួញដូរ និង ការប្រើប្រាស់គ្រឿងញៀន, ក្មេងទំនើង, ចោរលួច ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងសហគមន៍ និងនាំគ្នាពង្រឹងបន្ថែមទៀតនូវការគោរពច្បាប់ចរារចរណ៍ ដើម្បីការបន្ថយនូវអាត្រាស្លាប់និងរបួសដោយសាយគ្រោះថ្នាក់ចរាចរឲ្យបានថយចុះនៅទាបបំផុតរហូតដល់ប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ហើយលែងមានការគ្រោះថ្នាក់ចរាចរបន្តទៀត និងបន្តវិនិយោគនូវធនធានមនុស្សដល់ស្រទាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យមានសមត្ថភាពខ្ពស់ព្រមទាំងផ្តល់ឱកាសដល់ពួកគេបានចូលរួមបម្រើនិង កសាងប្រទេសជាតិ ឲ្យមានការរីកចម្រើននាពេលអនាគត់។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើការរឹតបន្តឹង និងចាត់វិធានការជាបន្ទាន់ និង ម៉ឺងម៉ាត់បំផុតចំពោះករណីក្មេងទំនើង ដែលបាននិងកំពុងបង្កភាពភិតភ័យដល់ប្រជាពលរដ្ឋ
និង អសន្តិសុខក្នុងសង្គម ដោយគ្មានការបន្ធូរបន្ថយ និង គ្មានការលើកលែង តាមបទបញ្ជាដែលបានប្រកាសដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។ និងប្រសាសន៍ផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបាត់ដំបងនៅក្នុងអង្គពិធីដែលមានចំណុចសំខាន់ៗមួយចំនួនជាច្រើនទៀតផងដែរ៕