(ភ្នំពេញ)៖ សមាគមអ្នកវះកាត់មុខមាត់ឆ្អឹងថ្គាម​កម្ពុជា​ សហការជាមួយ​មន្ទីរពេទ្យព្រះអង្គឌួង​ បានរៀបចំបទបង្ហាញស្តីពី «ជំងឺមហារីកដែលកើតឡើងនៅ ក និងក្បាល និង​ វីរុស​ HPV» ដែលធ្វើឡើងក្រោមអធិបតីភាព លោកសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។

ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីក្រុមគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ និងតាមគ្រឹះស្ថានសិក្សា​សុខាភិបាល​ ដែលមានឯកទេសជំនាញផ្សេងៗដូចជា​ ផ្នែកជំងឺមហារីក​ (Medical Oncology), ផ្នែកវិភាគជាលិការវិទ្យា​ (Anapatho-histology), ផ្នែកវះកាត់មុខមាត់ និងឆ្អឹងថ្គា​ម​ (Oral and Maxillofacial Surgery), ផ្នែកវះកាត់ក និងក្បាល​ (Head and Neck Surgery), ផ្នែក​វះកាត់សោភ័ណសល្យសាស្រ្ត​ (Plastic and Reconstructive Surgery) និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។

ក្នុងបទបង្ហាញខាងលើនេះ លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងឱ្យដឹងថា បច្ចុប្បន្ននេះកំណើនអ្នកជំងឺមហារីក បានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសអ្នកជំងឺមហារីកលើ ក
និងក្បាល ដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកសាស្ដ្រាចារ្យបានបន្ដថា «បើតាមការបង្ហាញរបស់ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ របស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២២ បានបង្ហាញថាជំងឺមហារីកលើ ក និងក្បាល ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីជំងឺមហារីកសួត និងសុដន់ ដែលមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ បន្ថែមពីលើនេះទៀត ដោយសារតែការចម្លងមេរោគ HPV ក៏ជាកត្តារួមចំណែកក្នុងការបង្កើនឱ្យមានជំងឺមហារីក ក និងក្បាលនៅកម្ពុជាផងដែរ។ ហេតុដូច្នេះ ក្នុងការបង្ការការរីករាលដានមេរោគ HPV មានតែការប្រឹងប្រែងផ្សព្វផ្សាយក្នុងការចាក់វ៉ាក់សាំងបង្ការមេរោគ HPV តែប៉ុណ្ណោះ ដែលជាវិធីសាស្ត្រដ៏ល្អមួយ»។

ហេតុដូច្នេះ គោលបំណងសំខាន់នៃការជួបជុំគ្នាធ្វើបទបង្ហាញនេះ គឺបង្កើននូវសុខុមាលភាពសាធារណៈចំពោះអ្នកជំងឺមហារីក ក និងក្បាល និង HPV គឺការចូលរួមពិភាក្សាពីគ្រប់ឯកទេសផ្សេងៗ ដែលពាក់ព័ន្ធនឹងជំងឺមហារីក ក និងក្បាល ក៏ដូចជាធ្វើឱ្យមានសុខដុមនីយកម្មឯកទេសពាក់ព័ន្ធ។

នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងទៀតថា «នៅក្នុងថ្ងៃនេះ យើងខ្ញុំពិតជាមានមោទនភាព ក្នុងបង្ហាញលទ្ធផលដែលបានមកពីការខិតខំសិក្សាស្រាវជ្រាវលើករណីគ្លីនិក ក៏ដូចជាប្រេវ៉ាឡង់ និងការរីករាលដាននៃមេរោគ HPV ដែលរួមចំណែកបង្កឱ្យជំងឺមហារីក ក និងក្បាលលើប្រជាជនកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការធ្វើបទបង្ហាញនេះ នឹងរួមចំណែកយ៉ាង
សំខាន់ដល់អ្នកផ្តល់សេវាសុខាភិបាលរបស់យើងនៅកម្ពុជា ដើម្បីបន្តធ្វើបច្ចុប្បន្នភាពលើជំនាញគ្លីនិកការស្រាវជ្រាវ និងការព្យាបាលថ្មីៗ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងផ្តល់សេវាសុខាភិបាលដល់ប្រជាជនកម្ពុជារបស់យើង»។

ក្នុងឱកាសនោះដែរ លោកសាស្ដ្រាចារ្យ ផាន់ សាន់ដេត ប្រធានសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា បានឱ្យដឹងថា HPV មានច្រើនប្រភេទខុសៗ ហើយកន្លងមកនេះ វីរុស HPV លើជំងឺមហារីកមាត់ស្បូន គឺមានវ៉ាក់សាំងការពារហើយ តែវ៉ាក់សាំងសម្រាប់ការពារជំងឺមហារីកតំបន់ ក និងក្បាល មិនទាន់មាននៅឡើយ ។ដូច្នេះបានជាក្រុមអ្នកជំនាញ សហការជាមួយអង្គការដៃគូ កំពុងតែរុករក លើករណីខាងលើនេះ។

លោកសាស្ដ្រាចារ្យបានបន្ថែមថា «សម្រាប់ការជួបជុំនៅពេលនេះ នឹងជាផលប្រយោជន៍ខ្ពស់ បើរកឃើញថា មហារីក ក និងក្បាល អាចបង្កឡើយដោយ HPV មែន យើងត្រូវធ្វើការសិក្សាស្រាវជ្រាវ រកវ៉ាក់សាំង។ បើមានវ៉ាក់សាំងការពារមែននោះ នឹងជួយដល់អាយុជីវិតរបស់អ្នកជំងឺរបស់យើង»។

លោកសាស្ដ្រាចារ្យ ផាន់ សាន់ដេត បានបញ្ជាក់ទៀតថា គោលបំណងនៃបទបង្ហាញស្តីពីជំងឺមហារីក ដែលបង្កឡើងដោយHPV និងជំរុញឱ្យធ្វើការសិក្សាស្រាវជ្រាវជាសកលទៅលើការរុករកនូវ HPV Vaccination សម្រាប់មហារីកតំបន់ ក និងក្បាល (OSCC) និងបង្ហាញពីតម្រូវការនៃការចូលរួមរបស់អ្នកឯកទេសជំនាញ ក្នុងការសិក្សាស្រាវជ្រាវថ្មី នៃHPV Vaccine ទៅលើ OSCC សម្រាប់ថ្នាក់ជាតិ។

ក្នុងនាមតំណាងឱ្យសមាគមគ្រូពេទ្យវះកាត់មុខមាត់ និងឆ្អឹងថ្គាមកម្ពុជា បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលតែងតែគាំទ្រដល់ការសិក្សាស្រាវជ្រាវថ្មីៗ សម្រាប់ជាគុណប្រយោជន៍ដល់វិស័យវះកាត់ ក និងក្បាល នៅកម្ពុជា និងជួយសម្រួលបន្ទុកបញ្ហាជំងឺមហារីក នៅតំបន់ ក និងក្បាល របស់រាជរដ្ឋាភិបាលកម្ពុជា៕