(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា ទំនាក់ទំនងរវាងកង្វះទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ជាមូលហេតុចម្បងមួយនៃបណ្តាមូលហេតុចម្បងនានា នៃអត្រាមរណភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ ជាពិសេសជំងឺរាករូស ដោយសារហូបទឹកមិនស្អាត អាហារខ្វះអនាម័យ បន្ទោបង់ពាសវាលពាសកាល និងមិនលាងសម្អាតដៃនឹងសាប៊ូត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត ជា សំណាង បានបញ្ជាក់ដូចនេះ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលអង្គការភ្លែន អន្តរជាតិកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន ជាង ១០ស្ថាប័ន ចុះទស្សនកិច្ចសិក្សា ទាក់ទងនឹងសុខភាពអនាម័យដែលគិតគូពីអាហារូបត្ថម្ភ នៅខេត្តសៀមរាប។

លោកវេជ្ជបណ្ឌិត ជា សំណាង បានឱ្យដឹងថា កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ពិសេសជំងឺរាក មានរហូតដល់ ១១% ថ្វីត្បិតតែអត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំបានធ្លាក់ចុះពី ១២៤ ក្នុងឆ្នាំ២០០០ មកនៅត្រឹម ១៦ ក្នុង ១០០០កំណើតរស់ រីឯអត្រាមរណភាពទារកបានធ្លាក់ចុះពី ៩៥ មកត្រឹម ១២ ក្នុង១០០០ កំណើតរស់ក្នុងឆ្នាំ២០២១/២០២២។

លោកវេជ្ជបណ្ឌិត បានបន្ថែមថា បញ្ហាអាហារូបត្ថម្ភមិនអាចដោះស្រាយបានដោយវិស័យសន្តិសុខស្បៀងតែឯងបានទេ ពីព្រោះជាងពាក់កណ្តាលនៃបញ្ហាកង្វះអាហារូបត្ថម្ភមានភាពពាក់ព័ន្ធនឹងការបង្ករោគដោយកង្វះលទ្ធភាពទទួលបានទឹកស្អាត អនាម័យ រួមទាំងការផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យដែលមានដូចជា៖ ១,អសន្តិសុខស្បៀង, ២. អាហារូបត្ថម្ភរបស់មាតា និងការចិញ្ចឹមកុមារ ៣. ទឹកស្អាត អនាម័យ និងការទទួលបានសេវាសុខាភិបាល៕