(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននិមន្តចុះអប់រំសីលធម៌ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យជាស៉ីម ឈូកវ៉ា ចំនួន ១២០០ នាក់ ស្ថិតនៅសង្កាត់កោគរការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កម្មវិធីនេះ ក្រោមប្រធានបទ «មាតាបិតា ជាគ្រូដើម និងគ្រឿងញៀនបំផ្លាញនូវស្មារតី» ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សមាជិកសមាជិកា និងយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដើម្បីបញ្រ្ជាបអំពី សីលធម៌ គុណធម៌ និងអំពីគុណមាតាបិតា ដើម្បីបានជាការដល់ដឹងអំពីតម្លៃនៃគុណធម៌ ក្នុងសង្គម ពិសេសព្រះអង្គប្រធានបានពន្យល់និងបង្ហាញអំពីទោសនៃការសេពគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឲ្យសង្គមបាត់បង់នូវធនធានល្អៗដែលត្រូវបន្តវេន។

ក្នុងកម្មវិធីនេះ ព្រះអង្គបានសង្កត់ធ្ងន់ថា «សូមប្អូនៗ ខំប្រឹងសិក្សារៀនសូត្រ និងធ្វើជាទំពាំងល្អ កុំធ្វើជាទំពាំងស្អុយ ដែលអាស្រ័យនៅលើដីដ៏មានជីវជាតិល្អមួយនេះឱ្យសោះ។ ប្រទេសជាតិមួយ ដែលអាចរីកចម្រើន រុងរឿងទៅបាន គឺអាស្រ័យលើប្រទេសជាតិនោះ មានធនធានមនុស្ស ជាអ្នកចេះដឹង ជាអ្នកវៃឆ្លាត ជាអ្នកឆ្នៃប្រឌិត ជាមនុស្សជាតិនិយម»