(កំពត)៖ អាជ្ញាធរ ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងទូទាំង បានមូលមតិផ្តួចផ្តើមពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធបដមាដ៏ធំស្កឹមស្កៃកម្ពស់ ១០៨ ម៉ែត្រលើខ្នងភ្នំបូកគោដែលគ្រោងនឹងចំណាយថវិការហូតដល់ ៦០លានដុល្លារអាមេរិក។ ពិធីបុណ្យដ៏ធំខាងលើនេះនឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៤ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។

ចំពោះអ្នកផ្តួចផ្តើមគំនិតក្នុងពិធីមហាផ្កាប្រាក់សាមគ្គីរួមមាន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សា គណៈសង្ឃនាយកនិងជាសមាជិកថេរសភាព្រះពុទ្ធសាសនា គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ក្រុងសៀមរាប, និងព្រះសុមង្គលសីលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះធម្មសិរីព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តរាជបូណ៌, និងព្រះវិមលសរណញាណ ចាន់ វិសាល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តពារាណសីសិរីមង្គល, និងសហការី ព្រះរតនមុនីវង្សា ប៉ាក់ សំអាត ព្រះរាជាគណ:ថ្នាក់កិត្តិយសព្រះវិន័យធរអនុគណស្រុកកោះសូទិន, និងជាព្រះចៅអធិការវត្តរតនបុប្ផារាម មហាខ្ញូង, និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការជុំវិញខេត្ត បានសហការជ្រះថ្លាជាមួយ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល និង លោកជំទាវ សមាជិកភាគហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនព្រមទាំងនិយោជិតទាំងអស់ រួមជាមួយពុទ្ធបរិស័ទទាំង ២៥រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា បានផ្តើមប្រារព្ធ "ពិធីបុណ្យផ្ការស្មីសាមគ្គី" ដើម្បីចូលរួមចំណែកកសាងព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយសទ្ធានិងបញ្ញារបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់។

ចំពោះកម្មវិធីបុណ្យគឺថ្ងៃទី១ ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើននូវព្រះពុទ្ធមន្ត ជាមង្គលដ៏ឧត្តម។ ថ្ងៃទី២មានពិធីដង្ហែមហាផ្កាប្រាក់សាមគ្គីតាមរថយន្តដោយមានរៀបចំក្បួនដូចជា៖

១. ផ្កាប្រាក់
២. រូបតំណាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងវង់ភ្លេងពិណពាទ្យ។ ព្រឹកថ្ងៃទី៣នឹងមានពិធីដាក់បាត្រព្រះសង្ឃចំនួន ១០៨ ជាកិច្ចបង្ហើយបុណ្យ។

ក្នុងឱកាសមង្គលដ៏ឧត្តុង្គឧត្តមនេះក៏មានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ព្រះសង្ឃថេរជាធម្មកថិកាចារ្យដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាទ្រង់បានអនុគ្រោះទទួលជាធម្មាធិបតីក្នុងកិច្ចសម្តែងព្រះធម៌ថ្លៃ និងបានជាធម្មទានដើម្បីប្រគេនដល់ព្រះសង្ឃ និងចែកជូនដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់គ្នា សម្រេចបាននូវបញ្ញាបារមីដែលជាបច្ច័យរួចផុតចាកទុក្ខទាំងពួង។

ក្រុមហ៊ុនសុខាអូតែលក៏មានរៀបចំស្តង់លក់ទំនិញ អាហារ ភេសជ្ជៈ និងមានកម្មវិធីសម្តែងល្ខោនស្បែកតូច ល្ខោនស្បែកធំ ដែលជាបេតិកភណ្ឌពិភពលោក ដោយក្រុមសិល្បៈ វត្តរាជបូណ៌ ខេត្តសៀមរាប ផងដែរ។

អាស្រ័យហេតុនេះ សូមនិមន្ត យាង អញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ៍ចូលរួមឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលយកនូវផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួនដោយសេចក្តីសោមនស្ស។

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយបុញ្ញកម្ម របស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខា អូតែល បាននឹងកំពុងដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នាគោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះនឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារហូតតរៀងទៅ ៕

ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ចង់ភ្ជាប់និស្ស័យជាមួយនិងការកសាងព្រះពុទ្ធប្បដិមាដ៏ស្កឹមស្កៃនេះ សូមទំនាក់ទំនង : 031 7777 108 , 014 777 108 , 015 777 108
ទូរស័ព្ទទទួលបច័្ចយ៖ 085 430 999 | 097 430 9999
គណនីទទួលបច័្ចយ៖
ACLEDA: 0001-08108108-99 (KHR) | 0001-08108108-88 (USD)
ABA: 106 108 108 (KHR) | 107 108 108 (USD)
WING: 9 108 108 108 (KHR) | 8 108 108 108 (USD)