(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ចំនួន១៩រូប ក្រោមអធិបតីភាពលោក ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោក គីម រិទ្ធី អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងស្ថាប័នអ្នកពាក់ព័ន្ធជាច្រើនទៀត។

លោក គីម រិទ្ធី បានថ្លែងដោយលើកឡើងរំលេចពីរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ពិសេសការចូលរួមចំណែក របស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ជាពិសេសលោកក៏បានសម្តែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែង ចំពោះក្រុមប្រឹក្សាខេត្ត ចំនួន១៩រូប អាណត្តិថ្មីនេះផងដែរ។

លោក ម៉ៅ សុផាន់ បន្ទាប់ពីបានប្រគល់ព្រះរាជក្រឹត្យទទួលស្គាល់ជូនលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិ៤ថ្មី និងលោក លោកស្រី ជាសមាជិក សមាជិកាទាំង១៨រូបទៀត លោកបានថ្លែងលើកឡើងថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រធានក្រុមការងាររាជរដ្ឋាភិបាល ក៏បានណែនាំក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព ជាពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

លោក ម៉ៅ សុផាន់ ក៏បានធ្វើការអបអរសាទរចំពោះ ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ត្រូវបានតំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធាន និងសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤នេះ ដើម្បីបន្តចូលរួមដឹកនាំខេត្តព្រះវិហារ ជាមួយគណៈអភិបាលខេត្ត បន្តអភិវឌ្ឍន៍រីកចម្រើន កាន់តែប្រសើរឡើងបន្ថែមទៀត៕