Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនក្មេងទំនើង១៤នាក់ ដែលដេញវាយគ្នាក្នុងមូលដ្ឋាន និងឲ្យក្រាបសុំទោសឪពុកម្ដាយ

10-06-2024 16:53

(កណ្តាល)៖ ក្រុមក្មេងទំនើងដែលដេញវាយគ្នាផ្អើលភូមិ ត្រូវបាននគរបាលស្រុកស្អាងចាប់បាន១៤នាក់ យកមកកោរសក់ និងឲ្យក្រាបសំពះសុំទោសឪពុកម្តាយ ក្រោយបង្កហេតុកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ក្មេងទំនើងទាំង១៤នាក់សុទ្ធតែប្រុសៗ និងជាសិស្សសាលាទាំងអស់ ដែលមានអាយុចាប់ពី១៤ឆ្នាំ ទៅ១៩ឆ្នាំ។ លោកបញ្ជាក់ថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា មានក្មេងប្រុសៗជាច្រើននាក់កំពុងដេញវាយគ្នាទៅវិញទៅមក នៅចំណុចកើតហេតុខាងលើ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយ ចុះអន្តរាគមន៍ភ្លាមៗ ក៏ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងពីរក្រុមចំនួន១៤នាក់ នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ។

ក្រោយការសាកសួរ ក្មេងទំនើងទាំង១៤នាក់ បានសារភាពថា ពួកខ្លួនពិតជាបានដេញវាយគ្នាទៅវិញទៅមកប្រាកដមែន។ ដោយពិនិត្យឃើញថា ក្រុមក្មេងទំនើងទាំង១៤នាក់នេះ មិនបានបង្កររបួសស្នាម និងមិនបានធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិសាធារណៈ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ ទើបលោកគ្រាន់តែព្រមានធ្វើកិច្ចសន្យា និងកោសក់ ឲ្យធ្វើអនាម័យ អប់រំ និងក្រាបសំពះសុំទោសឪពុកម្តាយ និងអាណាព្យាបាល។

សមត្ថកិច្ចក៏បានប្រគល់យុវជនទាំង១៤នាក់ឲ្យទៅឪពុក ម្តាយ អាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ និងអប់រំបន្ត៕