(កំពត)៖ សត្វផ្សោតប្រភេទថ្មី វ័យជំទង់មួយក្បាល ត្រូវបានគេប្រទះឃើញស្លាប់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានខេត្តកំពត។ នេះបើតាមការផ្សព្វផ្សាយរបស់ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។

បន្ទាប់ពីទទួលបានព័ត៌មាននេះ នៅព្រឹកមិញ ក្រុមបច្ចេកទេសផ្នែកអភិរក្សថនិកសត្វសមុទ្រ នៃអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានសហការ ជាមួយគណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ ខេត្ដកំពត ធ្វើការពិនិត្យនិងវិនិច្ឆ័យអំពីប្រភេទសត្វផ្សោតនេះ។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៉ឹម រចនា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា «ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារបច្ចេកទេស និងតាមរយៈការផ្តល់ព័ត៌មានលម្អិត ពីគណៈកម្មការសហគមន៍នេសាទយើងអាចកំណត់បានថា វាជាប្រភេទសត្វផ្សោតគ្មានព្រុយខ្នង (Neophocaena phocaenoides) ដែលជាកំណត់ត្រាប្រភេទថ្មី ក្រៅពីប្រភេទផ្សោតចំនួនពីរប្រភេទដែលបានកត់ត្រារួចហើយ នៅក្នុងដែនទឹកសមុទ្ររបស់ខេត្តកំពត»។

បើតាមក្រុមការងារអភិរក្ស, វត្ដមានសត្វផ្សោតប្រភេទអត់ព្រុយខ្នងនៅក្នុងដែនសមុទ្រប្រទេសកម្ពុជាជាកំណត់ត្រាថ្មី ហើយវាក៏ជាលទ្ធផលបង្ហាញពីការកើនឡើងនៃជីវៈចម្រុះ ជាពិសេសប្រភពអាហារ ជម្រកនិងសុវត្ថិភាព ដែលទាក់ទាញប្រភេទសត្វកំពុងរងគ្រោះថ្នាក់ មករស់នៅក្នុងកន្លែងអភិរក្សជលផលសមុទ្រកម្ពុជា។

ក្រុមការងារបច្ចេកទេស ក៏នឹងបន្តធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីកំណត់ត្រាថ្មីនេះ ដើម្បីទទួលបានព័ត៌មានកាន់តែទូលាយនិងលម្អិតបន្ថែម និងព្យាយាមការពារថនិកសត្វថ្មីនេះ៕