(ឧត្តរមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម មាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងក្រុមប្រឹក្សា ខេត្តឧត្តរមានជ័យ អាណត្តិទី៤ ដែលមានលោក ស៊ី ប្រាសិទ្ធ ជាប្រធានក្រុមប្រឹក្សាខេត្ត និងអមដោយសមាជិកក្រុមប្រឹក្សាមួយចំនួនទៀតផងដែរ។

ផ្អែកតាមរបាយការណ៍របស់អភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី៣ គណៈអភិបាល ខេត្តឧត្តរមានជ័យ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមាន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំង ខេត្តឧត្តរមានជ័យ បានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាង សកម្មក្នុងការកសាង និងអភិវឌ្ឍន៍ ខេត្តឧត្តរមានជ័យ ឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះ ធម្មជាតិ ជំងឺឆ្លងរាតត្បាតកាចសាហាវកូវីដ-១៩ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមការពារ និងថែរក្សាសន្តិសុខសម្រាប់ការបោះឆ្នោតកន្លងទៅនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ យ៉ាងល្អប្រសើរដោយគ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយកើតឡើងឡើយស្របតាមច្បាប់បោះ ឆ្នោត និងបទបញ្ជា នីតិវិធីនៃការបោះឆ្នោត។ សមិទ្ធផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រេចបាននាពេលកន្លង មក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម អោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលធ្វើអោយកម្ពុជាយើងដើរតួនាទីកាន់តែ សកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។

កិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាល សាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក៏បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពទាំង៦ និងការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

ក្នុងន័យនេះ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវសហការចូលរួមអនុវត្តប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានា ដែលបានផ្ទេរ ជាពិសេសមុខងារវិស័យសុខាភិបាលនៅថ្នាក់រាជធានី ខេត្ត មុខងារអប់រំនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងមុខងារផ្តល់សេវារដ្ឋបាល ដើម្បីធានាផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន។

កិត្តិសង្គហបណ្ឌិត បន្តថាដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានក្រើនរំលឹកដល់មន្ត្រីក្រុមប្រឹក្សាខេត្តឧត្តរមានជ័យអាណត្តិថ្មី ប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសតាមដាន និងជំរុញការអនុវត្តន៍ការងាររបស់អភិបាលខេត្ត និងមន្ត្រីក្នុងខេត្តឧត្តមានជ័យឱ្យកាន់តែខ្លាំងក្លា ដើម្បីការអភិវដ្ឍន៍ក្នុងខេត្តកាន់តែល្អប្រសើរ និងនាំមកនូវប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តអតីតសមរភូមិដ៏ស្រួចស្រាវមួយនេះ៕