(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជានឹងមានភ្លៀងធ្លាក់ និងបន្តធ្លាក់ នៅតាមតំបន់មាត់សមុទ្រ និងតំបន់ជួរក្រវាញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា យោងតាមស្ថានភាពវិវត្ត នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបថា៖

កម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមតំបន់មាត់សមុទ្រ ដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូក និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយៈពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយគ្នានេះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន។

រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២.៥០ម៉ែត្រ។

ក្រសួងធនធានទឹក អំពាវនាវដល់សាធារណជន មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕