(បាត់ដំបង)៖ ក្រុមការងារមន្ទីរកសិកម្មបាត់ដំបង បានចុះទៅជួប លោក «ហម សាវឿត» ដែលជាម្ចាស់ចម្ការត្រប់ស្រួយមួយកន្លែងនៅខេត្តបាត់ដំបង ដើម្បីសាកសួរព័ត៌មានបន្ថែម និងស្រាវជ្រាវរកមូលហេតុបន្តទៀត ជុំវិញការបង្ហោះថា ត្រប់ស្រួយ ធ្លាក់ថ្លៃនៅ ១គីឡូ ៣០០រៀល។
គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ មានគណនីហ្វេកប៊ុកមួយមានឈ្មោះថា ហម សាវឿត បានបង្ហោះពីបញ្ហាតម្លៃរបស់ត្រប់ស្រួយ ដែលធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានការភ័ន្តច្រឡំថា តម្លៃត្រប់ស្រួយក្នុងមួយគីឡូ៣០០រៀល។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ដោយទើបបានទទួលការឆ្លើយតបពី លោក ហម សាវឿត ក្រុមការងារមន្ទីរកសិកម្មខេត្តបាត់ដំបង បានចុះទៅជួបម្ចាស់ចម្ការផ្ទាល់ ដើម្បីសាកសួរព័ត៌មានបន្ថែមពីបញ្ហាធ្លាក់ថ្លៃត្រប់ស្រួយនៅត្រឹម ៣០០៛/គីឡូ។ លោកថា «យើងនឹងស្រាវជ្រាវរកមូលហេតុបន្តទៀត ដើម្បីឱ្យដឹងថាហេតុអ្វីបានជាថ្លៃត្រប់ស្រួយនៅទីនេះទាបជាងថ្លៃទីផ្សារនៅកន្លែងដទៃខ្លាំងបែបនេះ»។
បើតាម លោក ឃឹម ហ្វីណង់, ម្ចាស់ចម្ការខាងលើ ដាំត្រប់នៅលើដីតែ ៣០០០ម៉ែត្រការ៉េប៉ុណ្ណោះ ហើយប្រមូលម្តងបានត្រឹម២០០គីឡូ ដូច្នេះការដោះស្រាយបញ្ហាជូនចម្ការនេះមិនពិបាកនោះទេ។ លោកបន្តថា «ប៉ុន្តែអ្វីដែលយើងព្យាយាមយល់ ថាតើហេតុអ្វីបានជានៅក្នុងខេត្តបាត់ដំបង ត្រប់ត្រូវបានលក់ចេញតម្លៃទាបជាងទីផ្សារ នៅពេលដែលតម្លៃត្រប់នៅទូទាំងប្រទេស យ៉ាងហោចណាស់ក្នុងមួយគីឡូក៏១០០០រៀលដែរ នេះគឺជាអ្វីដែលយើងកំពុងសិក្សាស្វែងយល់បន្ថែម»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ទីផ្សារតែងមានតម្លៃរបស់វា ដែលកើតចេញពីលំនឹងនៃទំហំនៃការផ្គត់ផ្គង់និងតម្រូវការ តែលោកជឿថា ៣០០៛គឺក្រោមទីផ្សារពេកហើយ ព្រោះបានឱ្យក្រុមការងារឆែកនៅខេត្តដទៃមិនមានតម្លៃនេះទេ រាល់ការជួយគាំទ្រ គឺបានត្រឹមតែឱ្យពីក្រោមទីផ្សារមកស្មើទីផ្សារប៉ុណ្ណោះ មិនមានអ្នកណាអាចបង់ថ្លៃលើសពីទីផ្សារបានទេ ទោះជាអ្នកនោះមានធនធានប៉ុណ្ណាក៏ដោយ៕