(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក របស់រាជធានីខេត្តចំនួន៦ ​រួមមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រដ្ឋាករទឹកស្ទឹងត្រែង រដ្ឋាករទឹកបាត់ដំបង រដ្ឋាករទឹកពោធិ៍សាត់ រដ្ឋាករទឹកកំពត និងរដ្ឋាករទឹកក្រុងស្ទឹងសែន​ ត្រូវបានផ្លាស់ប្តូរ ដើម្បីពង្រឹងស្ថាប័ន និងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក​ទាំង៦ រាជធានីខេត្ត បានធ្វើឡើង​ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្រសួង​ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការកែសម្រួលសមាសភាពលើកនេះ គឺយោងទៅលើភាពចាំបាច់ ក្នុងការកែតម្រូវស្ថានភាពរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាពង្រឹងយន្តការប្រតិតុល្យការ និងភាពជាតំណាងរបស់ប្រធាន។

លោកបានផ្តាំផ្ញើដល់ប្រធានក្រុមប្រឹក្សាភិបាលថ្មី និងប្រធានក្នុងតំណែង សូមបំពេញតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ឱ្យស័ក្តិសមនឹងជំនឿទុកចិត្តដែលជារាជរដ្ឋាភិបាលបានប្រគល់ជូន។ ​

លោកបន្ថែមថា ​«អាស្រ័យហេតុនេះ សូមក្តាប់ឱ្យបានជាប់នូវគោលនយោបាយ និងអាទិភាព ការងាររបស់ក្រសួង និងទិសដៅដែលក្រសួងក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញ។ សូមកុំ ដឹកនាំក្រុមប្រឹក្សាភិបាល ដោយពុំមានការប្រាស្រ័យទាក់ទងគ្នាជាមួយថ្នាក់ដឹកនាំក្រសួង និងពុំមានពិគ្រោះគ្នា នូវគោលការណ៍ និងការសម្រេចធំៗ ដែលប៉ះពាល់ដល់អាជីវកម្មនិងជោគវាសនារបស់រដ្ឋាករ»

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួង​ បានថ្លែងអំណរគុណ ចំពោះប្រធានក្រុមប្រឹក្សាភិបាលមុន ដែលកន្លងមកបានបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ប្រកបដោយការប្តេជ្ញាខ្ពស់ និងបានចូលរួមចំណែកកសាងស្ថាប័នថ្មី ក៏ដូចជាពង្រឹងស្ថាប័នដែលកំពុងមានដំណើរការស្រាប់ ឱ្យសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពគួរជាទីកត់សម្គាល់។

សមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក​ នៃរាជធានីខេត្តទាំង៦ រួមមាន៖ លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសលោក ស៊ឹម ស៊ីថា , លោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹក​ខេត្តស្ទឹងត្រែង ជំនួសលោក ជា វិសុទ្ធ។, លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់ដំបង ជំនួស លោក តូច ឈួនសៅរិទ្ធ , លោក ស៊ឹម ណារ៉ា អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកពោធិ៍សាត់ ជំនួសលោក ឆែ វណ្ណសូដា, លោក ចាន់ បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យ និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកកំពត ជំនួស លោក អ៊ុំ សុថា , លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្ទឹងសែន ជំនួសលោក ចាន់ ពិសិដ្ឋ។

លោក ឯក សុនចាន់ ​​ប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ថ្មី បាន​ប្តេជ្ញាថា នឹងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រាល់គោល​នយោបាយ ​គោលការណ៍ និងសេចក្តី ណែនាំរបស់ក្រសួ ងដើម្បីរួមចំណែកធ្វើឱ្យសម្រេច បាននូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ព្រមទាំងខិតខំរៀនសូត្រ បង្កើនសមត្ថភាពចំណេះដឹង ចំណេះធ្វើ ដើម្បីសហការដឹកនាំអង្គភាពរដ្ឋាករទឹក ឱ្យមានសមត្ថភាពធ្វើប្រតិបត្តិការ ផ្តល់សេវាទឹកស្អាតប្រកបដោយវិជ្ជាជីវៈ មានគុណភាព និងប្រសិទ្ធភាពខ្ពស់៕