(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដំណឹងដល់សាធារណៈជនទាំងអស់ មេត្តាជ្រាបថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ក្នុងភូមិ៣ សង្កាត់បឹងកក់ទី១ ដែលមានលំនៅដ្ឋានសង់លើផ្លូវសាធារណៈ របស់រដ្ឋ ផ្លូវលេខ៣៤៧ (ចាប់ពីផ្លូវលេខ៥៩៨ ដល់ផ្លូវលេខ៥២៨) បានធ្វើលិខិតសុំអន្តរាគមន៍ឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា រំកិលបង្គោលអគ្គិសនី ចេញពីក្រោយលំនៅដ្ឋានរបស់ពួកគាត់ មកដាក់នៅខាងមុខវិញ។

ចំពោះករណីនេះ រដ្ឋបាលខណ្ឌទួលគោក សូមបំភ្លឺជូនថា ផ្លូវលេច៣៤៧ មានបណ្ដោយ២៧០ម៉ែត្រ និងទទឹង៣០ម៉ែត្រ តាំងពីដើមទីរហូតមកម្លេះ។ ប៉ុន្តែក្រោយមក នៅពេលដែលរដ្ឋមិនទាន់បានធ្វើការអភិវឌ្ឍន៍ផ្លូវនេះ, បងប្អូនប្រជាពលរដ្ឋមួយចំនួន បានចូលមកចាប់យកដីផ្លូវសាធារណៈធ្វើជាលំនៅដ្ឋាន។ ចំពោះបង្គោលអគ្គិសនី ដែលបានសាងសង់នៅលើផ្លូវនេះ គឺនៅលើចិញ្ចើមផ្លូវសាធារណៈ និងសាងសង់ត្រឹមត្រូវតាមបទដ្ឋាន និងប្លង់បច្ចេកទេសរបស់អគ្គិសនីកម្ពុជា។

ដោយសារមានការកកស្ទះខ្លាំងនៅតំបន់រង្វង់មូលភ្លើងស្តុបកាំកូស៉ីធីនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនាកំណាត់ផ្លូវ៣៤៧ ដែលមានទទឹង២០ម៉ែត្រ ដើម្បីជួយសម្រួល និងបញ្ជៀសការកកស្ទះចរាចរនៅតំបន់ខាងលើ រដ្ឋបានធ្វើការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមួយចំនួនរួចមកហើយ ដើម្បីស្ថាបនាផ្លូវនេះជាបណ្ដោះអាសន្ន។ ដោយឡែក បង្គោលភ្លើងអគ្គិសនីដែលបានសាងសង់ គឺស្ថិតនៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ពុំស្ថិតនៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទេ។

នៅពេលអនាគត បើមានតម្រូវការពង្រីកផ្លូវនេះទៀត រដ្ឋនឹងធ្វើការដោះស្រាយផលប៉ះពាល់បន្តទៀត ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលសាងសង់សំណង់លើផ្លូវសាធារណៈរបស់រដ្ឋ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មេត្តាជម្រាបជាព័ត៌មាន៕