(ព្រៃវែង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បាននាំគ្នាប្រតិកម្មជាមួយប្រធានមណ្ឌលសុខភាពព្រៃព្នៅ ដែលបានរំលោភដីសាធារណៈរបស់រដ្ឋ ដោយរយៈកាលកន្លងមក ពួកគាត់ប្តឹងទៅលោកមេឃុំកញ្ចំជាច្រើនលើកមកហើយ នៅតែគ្មានចំណាត់ការ គឺបានត្រឹមសន្យាតែប៉ុណ្ណោះ។

ការប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីលោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ ដាំបង្គោលថ្មរំលោភ និងកាន់កាប់ដីសាធារណៈរបស់រដ្ឋ។ ជាមួយនឹងករណីនេះ លោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ បានទទួលស្គាល់ថា រូបលោកពិតជាបានដាំបង្គោលថ្មកំណត់ព្រំ និងកាន់កាប់ដីសាធារណៈប្រាកដមែន ដោយផ្អែកលើហេតុផលគ្រប់គ្រង និងថែទាំផ្លូវ។

សូមបញ្ជាក់ថា ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង ៧០ម៉ែត្រ និងបណ្ដោយប្រមាណជាង ៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់ និងគល់ស្ពានដូង ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ពលរដ្ឋបានឱ្យដឹងថា មូលហេតុ ដែលពួកគាត់ដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន ហើយពួកគាត់ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត។

ប្រជាពលរដ្ឋបានបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនលោក ស៊ឹម សឿន បានប្រមូលទិញដីស្រែពីកសិករ ដែលនៅខាងក្រោយ ខណៈអត់មានផ្លូវចេញមកមុខលោក ស៊ឹម សឿន ក៏បែកគំនិត ចាក់ដីលុបព្រែក និងលុបជង្ហុកមួយចំនួន ដែលជាដីសាធារណៈរបស់រដ្ឋ ដើម្បីឱ្យមានផ្លូវចូលដីរបស់ខ្លួន ដែលនៅខាងក្រោយ។

ប្រជាពលរដ្ឋបានបន្តថា លុះមួយរយៈក្រោយនេះ ស្រាប់តែលោក ស៊ឹម សឿន ចេញមុខអាងយ៉ាង និងហាមឃាត់ព្រះសង្ឃអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្ត ដែលត្រូវអភិវឌ្ឍន៍ ដីសាធារណៈត្រង់ចំណុចខាងលើ ធ្វើជាសួនច្បាររូបសំណាក និងជាកន្លែងជួបជុំធ្វើបុណ្យតាមប្រពៃណី។ ស្រាប់តែលោក ស៊ឹម សឿន ថែមទាំងបានបង្ហើរពាក្យ បោះសម្ដីថា ដីខាងលើ ជាដីកម្មសិទ្ធរបស់ខ្លួន ដែលមានលិខិតកាន់កាប់ទទួលស្គាល់ ដឹងឮពីលោកមេឃុំកញ្ចំ ទៀតផង។កត្តាទាំងនេះហើយ ដែលជាមូលហេតុនាំឱ្យដីសាធារណៈមួយនេះ ក្លាយជាទំនាស់រ៉ាំរ៉ៃ រវាងពលរដ្ឋមួយភូមិ និងលោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋស្នើសុំរក្សាដីនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដដែល នឹងមិនឱ្យក្លាយជាកម្មសិទ្ធឯកជនផ្លូវឯកជនហើយក៏មិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ពីបុគ្គលណាម្នាក់ឡើយ ហើយដីត្រង់ចំណុច ខាងលើពលរដ្ឋ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម មិនថាអ្នកជិត ឬអ្នកឆ្ងាយនោះទេ ក្នុងនោះសូម្បីលោក ស៊ឹម សឿន ក៏អាចប្រើប្រាស់ និងចេញចូលបានតាមតម្រូវការផងដែរ។

ពាក់ព័ន្ធនឹងករណីរំលោភយកដីសាធារណៈពីប្រធានមណ្ឌលសុខភាពព្រៃព្នៅ ពីលោកប្រធានមណ្ឌលសុខភាពព្រៃព្នៅនេះ ប្រជាពលរដ្ឋប្រឆាំងដាច់ខាត រាល់ការចាត់ចែងយកដីសាធារណៈមួយនេះ ឱ្យក្លាយជាផ្លូវឯកជនកម្មសិទ្ធឯកជន ឬធ្វើរបងបិទជាដើម។

ចំពោះការចោទប្រកាន់ខាងលើ ប្រធានមណ្ឌលសុខភាពព្រៃព្នៅ បានឱ្យដឹងថា រូបលោកពិតជាបានកាន់កាប់ដីសាធារណៈខាងលើប្រាកមែនហើយការគ្រប់គ្រងនិងកាន់កាប់យូរហើយ ព្រោះខ្លួនបានសុំគណៈកម្មការវត្តសម័យមុន ចាក់ដីធ្វើផ្លូវ ពលរដ្ឋអាងគ្នាច្រើន ចេះតែទន្ទ្រានរំលោភយកដីផ្លូវរបស់លោក ហេតុនេះទើប លោកដាំបង្គោលថ្មកំណត់ព្រំ។

ប្រធានមណ្ឌលសុខភាពរូបនេះ បានបញ្ជាក់ថា ខ្លួនពិតជាបានកាន់កាប់ដីសាធារណៈរបស់រដ្ឋប្រាកដមែន ប៉ុន្តែបើរដ្ឋត្រូវការ ពេលណា លោកនឹងប្រគល់ជូនវិញ ប្រសិនបើត្រូវដកដីត្រង់ចំណុចខាងលើ ទុកជាសម្បត្តិរដ្ឋវិញ កុំឱ្យពលរដ្ឋសាងសង់អ្វីៗលើដីនោះ ហើយរូបលោក ក៏មិនធ្វើអ្វីលើដីនោះដូចគ្នា គឺទុកចោលទាំងអស់គ្នា ទើបលោកព្រម។

រីឯលោក អ៉ិត ស៊ីម មេឃុំកញ្ចំ បានទទួលស្គាល់ថា ដីទំនាស់ត្រង់ចំណុចខាងលើ គឺពិតជាដីសាធារណៈប្រាកដមែន ប៉ុន្តែ ដោយឃើញលោក ស៊ឹម សឿន ខំកាន់កាប់ចាក់ដីធ្វើផ្លូវ ទើបលោកមេឃុំ សម្រេចចេញលិខិតឱ្យលោក ស៊ឹម សឿន មានសិទ្ធិថែទាំគ្រប់គ្រងផ្លូវហើយលិខិតនោះពុំមែនមានន័យថា លោក ស៊ឹម សឿន ជាម្ចាស់កម្មសិទ្ធនោះឡើយ។

ទោះបីយ៉ាងណាក៏ដោយ ពលរដ្ឋនៅភូមិដូង សូមស្នើយ៉ាងទទូចដល់លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ គឺលោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ ខណៈខ្លួនជាមន្ត្រីរាជការបែរជាកាន់កាប់ដីសាធារណៈរបស់រដ្ឋ រហូតកើតជម្លោះជាមួយអ្នកភូមិរាប់រយគ្រួសារ៕