(កំពង់ធំ)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានសម្លាប់ឪពុកបង្កើតរបស់ខ្លួននៅវេលាម៉ោង ៦ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុន CRCK1 ស្ថិតភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ឃុន ណាត អធិការនគរបាលស្រុកសណ្ដាន់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះថា ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ គង់ ឈី អាយុ៣០ឆ្នាំ បានកាប់ឪពុកបង្កើតរបស់ខ្លួននឹងត្រសេះ ចំក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង។

លោកអភិការស្រុកបានបន្តថា ជនរងគ្រោះមានឈ្មោះ សឹង គង់ អាយុ៦២ឆ្នាំ។ មូលហេតុដោយសារជនសង្ស័យខឹងឪពុករបស់ខ្លួន អប់រំណែនាំកុំឱ្យដើរផឹកស៊ី (ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)។ ក្រោយពីបានចាប់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕