(រតនគិរី)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤។

ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំអគារD សាលាខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី, លោក លោកស្រីថ្នាក់ដឹកនាំខេត្ត, ប្រធានអង្គភាពជុំវិញខេត្ត, លោក លោកស្រី អភិបាលក្រុង ស្រុកជាង១០០នាក់។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំ គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ទទួលបាននូវ សូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសចាត់វិធានការក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ និងលុបបំបាត់នូវរាល់សកម្មភាពអសកម្មមួយចំនួនដើម្បីធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អ។

លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ទើបតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹងគោរពច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា។ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តឲ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញាបំពេញភារកិច្ចដោយអនុលោមតាម គោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ។

នាយឧត្តមសេនីយ៍ ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាល បានអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តរតនគិរី ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។ លោកណែនាំឲ្យខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ដោយ ពូជសាសន៍និងប្រកាន់និន្នាការនយោបាយ។

នាយឧត្តមសេនីយ៍ ជៀង អំ បានបន្តថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាព ការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការដើម្បីលើកកម្ពស់ការ ទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើងសម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់នៅឆ្នាំ២០៣០។

នាយឧត្តមសេនីយ៍ ជៀង អំ បានជំរុញឱ្យក្រុមប្រឹក្សាខេត្តរតនគិរីបន្ត យកចិត្តទុកដាក់ ដឹកនាំ កសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យបានរឹងមាំលើគ្រប់ វិស័យ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អ ដោយសេចក្តីស្មោះត្រង់ជាទីបំផុត។ បន្តធ្វើវេទិការសាធារណៈ ក្តាប់ឱ្យបាននូវទុកកង្វល់ និងសំណូមពរ សំណើផ្សេងៗរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការឆ្លើយតបទៅវិញឱ្យបានទាន់ពេលវេលា តាមតួនាទីភារកិច្ចរបស់ស្ថាប័ន នីមួយៗ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយទំនាស់ផ្សេងក្រៅប្រព័ន្ធតុលាការ ជាពិសេសទំនាស់ដីធ្លី។ ត្រូវយកចិត្តទុកដាក់ ការពារសម្បត្តិធនធានធម្មជាតិនានា និងការពារឱ្យបានល្អនូវបរិស្ថានក្នុងខេត្ត។ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យសំខាន់ៗនៅក្នុងខេត្តឱ្យមានការរីកចម្រើន ជាពិសេសវិស័យកសិកម្ម ដោយត្រូវជួយរកទីផ្សារជូនកសិករ។ ត្រូវធ្វើការគ្រប់គ្រង និងប្រើប្រាស់មន្ត្រីក្នុងខេត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព ដោយយកចិត្តទុកដាក់ពិនិត្យឱ្យបានម៉ត់ចត់ក្នុងការតែងតាំងមន្ត្រីដែល មានសមត្ថភាព និងមន្ត្រីដែលសកម្មនឹងការងារ។ ដោយអនុវត្ត នូវអភិក្រម ទាំង៥៖ ១-ឆ្លុះកញ្ចក់,២-ងូតទឹក, ៣-ដុសក្អែល, ៤-ព្យាបាល និង ៥-វះកាត់ ៕