(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា យុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ និងប្រកបដោយសក្តានុពលរបស់ស្ថាប័ន និងប្រទេសជាតិ សម្រាប់ការចូលរួមចំណែក ក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងពិធីសម្ភោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការអគារសិក្សាថ្មីវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងយុគសម័យនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផ្អែកលើមូលដ្ឋានចំណេះដឹង បច្ចុប្បន្ននេះ, យុវជនបានដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រទេសជាតិ ដូចពាក្យខ្មែរយើងថា «ទំពាំងស្នងឫស្សី» មានន័យថា យុវជនគឺជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ និងប្រកបដោយ សក្តានុពលរបស់ស្ថាប័ន ឬប្រទេសជាតិមួយ សម្រាប់រួមចំណែកក្នុងបុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឱ្យ សម្បូររុងរឿង ក្នុងនោះបើប្រទេសជាតិណាដែលសម្បូរយុវជន-យុវនារី ដែលមានចំណេះដឹងច្រើន ប្រកបដោយសក្តានុពល គឺជាប្រភព ធនធានសម្បូរបែប សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាតិ។

លោកស្រីបណ្ឌិតបានបន្ដថា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក ការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាក់ស្តែងសម្តេចធិបតីនាយករដ្ឋមន្តី បានផ្ដល់អនុសាសន៍គន្លឹះ៤ចំណុច សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋរួមមាន៖

ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន។
ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាព ចំណីអាហារនៅតាមសាលា។
៤៖ ការជំរុញ និងលើក ទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាលនិងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

លោកបណ្ឌិត ជា សិរី លើកឡើងបន្ថែមថា ការអភិវឌ្ឍវិស័យអប់រំឱ្យបានរីកចម្រើនទៅមុខ គឺពឹងផ្អែកលើកត្តាសំខាន់ៗ ចំនួន២រួមមាន៖
ទី១៖ កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ សាលារៀន បណ្ណាល័យ បរិក្ខាសាលា និងសម្ភារសិក្សាជាដើម។
ទី២៖ កត្តាគុណភាពនៃការអប់រំសំដៅលើគុណភាពកម្មវិធីសិក្សា ការពង្រឹងវិន័យសិក្សា និងគ្រូបង្រៀន ដែលមានចំណេះដឹងខ្ពស់ផ្នែក ឯកទេស និងគរុកោសល្យក្នុងការបង្រៀន, ជាក់ស្តែងសមិទ្ធផលអគារសិក្សាថ្មីនេះ គឺបានបង្ហាញពីកត្តាហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

សូមបញ្ជាក់ថា អគារសិក្សាមួយខ្នង មានកម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ និងមានបំពាក់គ្រឿងបរិក្ខារតាមបន្ទប់នីមួយៗ, គាំទ្រឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុ ក្នុងការកសាងដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងពិធីនេះដែរ ធនាគារជាតិនៃកម្ពុជា នឹងមានឧបត្ថម្ភវគ្គរៀន បំប៉នជូនសិស្សថ្នាក់ទី១២ នៅក្នុងស្រុកសន្ទុក និងផ្ដល់អាហារូបករណ៍ជូនសិស្សនិទ្ទេស A ឱ្យបានសិក្សានៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។

ក្រៅពីនេះក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៨៥៧នាក់រួមមាន នាយក-នាយករង លោកគ្រូ-អ្នកគ្រូ, ក្រុមប្រឹក្សាឃុំ និងភូមិតាំងក្រសាំង, ស.ស.យ.ក, យុវជនកាកបាទក្រហម, សិស្សកាយរឹទ្ធ, សិស្សានុសិស្ស, តំណាងមាតាបិតា និងប្រជាពលរដ្ឋផងដែរ៕