(បាត់ដំបង)៖ ថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រឆាំង កំពុងនាំគ្នាដើរ​ចេញគណបក្សដែលខ្លួនរួមរស់ជាមួយប្រៀបដូចជាទឹកបាក់ទំនប់ បន្ទាប់ពីអស់សង្ឃឹម បាត់បង់ជំនឿចិត្តទៅលើមេដឹកនាំបក្ស។

សមាជិក សមាជិកាគណបក្សឆន្ទៈខ្មែរ ដែលជាបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង​ចំនួន​៦រូប នៅក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ បានសម្រេចចិត្តដើរចេញពីបក្សដែល​ខ្លួនធ្លាប់​ធ្វើសកម្មភាព​នយោបាយជាមួយ។

ថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៦រូបនេះ សុទ្ធសឹងជាបុគ្គល ដែលធ្វើសកម្មភាពយ៉ាងសកម្ម​ជួយកិច្ចការនយោបាយរបស់បក្សប្រឆាំងយូរឆ្នាំមកហើយ។ ពួកគេបានសម្រេចចិត្តដើរ​ចេញ​ពីបក្សនេះ ក៏ព្រោះតែបាត់បង់ជំនឿចិត្តចំពោះការដឹកនាំ និងដំណើរជីវិតរបស់​បក្ស​ប្រឆាំង ដែលបែកបាក់សាមគ្គី ប្រកាន់បក្ខពួក និងខ្វះតម្លាភាពលើការដឹកនាំជាដើម។

បន្ថែមពីលើនោះ ការប្រកាសប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ពីសំណាក់ លោក សម រង្ស៉ី ជាចំណែកធំមួយ ដែលនាំឱ្យពួកគេសម្រេចដើរចេញពីបក្ស​ប្រឆាំងផង​ដែរ។ ពួកគេចាត់ទុកការប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតដ៏ខុសឆ្គង ជាគំនិតក្បត់នឹងប្រយោជន៍របស់ជាតិទាំងស្រុង។

ពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថា បក្សប្រជាជនកម្ពុជា គឺជា​បក្ស​នយោបាយតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ​ជាតិ កសាងជាតិឱ្យរីកចម្រើន។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុក​ចិត្ត​របស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម ដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានានូវការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ក្រោមមូលហេតុខាងលើនេះ បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាស្រុកសណ្តាន់ របស់គណបក្សឆន្ទៈខ្មែរទាំង៦រូប បានសម្រេចចិត្តគោរពសុំការអនុគ្រោះពី សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឱ្យពួកគេបានចូលរួមជីវភាពនយោ​បាយ និងធ្វើសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបម្រើបក្ស ក៏ដូចជាបម្រើជាតិ និងប្រជាជន៕