(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក ហម សាវេត នាយកសាខា នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (ខេត្តកំពត) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក ឈុន វិចិត្រ នាយកសេវាធនាគាររូបវន្តបុគ្គលនៃធនាគារវឌ្ឍនៈអាស៊ីចំកាត់ វាគ្មិនតំណាងពីធនាគារវឌ្ឍនៈអាស៊ីចំកាត់, សាស្រ្តាចារ្យ, និងនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (ខេត្តកំពត)៕