(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកនូវកិច្ចប្រជុំ ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ។ កិច្ចប្រជុំត្រូវបានអញ្ជើញចូលរួមពីលោក សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ព្រមក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

* សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលកម្ពុជាសម្រេចបានកន្លងមក ជាពិសេសក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
បង្ហាញពីផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបនឹងមេរោគអេដស៍ សម្រាប់វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។​
* ពិនិត្យ និងអនុវត្តនូវវិធានការនានា នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។​

ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវមតិស្វាគមន៍ដល់ក្រុមការងារ និងអង្គប្រជុំ ដោយបានថ្លែងនូវការកោតសរសើរដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានចូលរួមយ៉ាងសកម្មក្នុងឆ្លើយតបនឹងមេរោគអេដស៍ ជាពិសេសការផ្តល់នូវកម្មវិធីគាំពារសង្គម ដល់ជនងាយរងគ្រោះ កន្លងមក។

លោក សុខ ប៊ុនថា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងនូវមតិស្វាគមន៍ និងកោតសរសើរដល់អាជ្ញាធរជាតិ ក្នុងការប្រឹងប្រែងឆ្លើយតបនឹងមេរោគជំងឺអេដស៍កន្លងមក​ រហូតសម្រេចបាននូវគោលដៅចំនួន២ ក្នុងចំណោមគោលដៅចំនួន ៣។ លោកក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រកាសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ព្រមទាំងបានបង្កើតនូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់វិស័យសង្គមកិច្ចរួចរាល់ ដោយបានកំណត់នូវយុទ្ធសាស្រ្តចំនួន៥ ដើម្បីចូលរួមឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។

ដោយបានការអនុញ្ញាតពីលោកទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ, លោក យូ សុភ័ក្រ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យសង្គមកិច្ច ដែលមានរួមបញ្ចូលដោយយុទ្ធសាស្រ្តចំនួន ៥ ដែលគាំទ្រដោយសកម្មភាពគន្លឹះចំនួន ២២។ ក្នុងនោះលោកក៏បានរំលេចថា រហូតដល់ខែមេសានេះ មានអ្នកផ្ទុកមេរោគអេដស៍ បានទទួលនូវកញ្ចប់ថវិកាសម្រាប់ជនងាយរងគ្រោះបានចំនួន ៤៣១នាក់រួចមកហើយ។

យុទ្ធសាស្រ្ត នៃផែនការយុទ្ធសាស្រ្តនេះរួមមាន៖
យុទ្ធសាស្រ្តទី១: ពង្រឹងសមត្ថភាពដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
យុទ្ធសាស្រ្តទី២: បង្កើនបរិយាកាសអំណោយផល (រួមមានច្បាប់គោល​នយោបាយ បទដ្ឋាន នីតិវិធីនានា) ដើម្បីជម្រុញ និងលើកទឹកចិត្តឲ្យមានការចូលរួមពីសហគមន៍ក្នុងការផ្តល់ និងទទួលសេវាប្រកបដោយប្រសិទ្ធភាពនិងចីរភាព។
យុទ្ធសាស្រ្តទី៣: ការបញ្រ្ជាប និងបញ្ចូលសមាសភាពឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងសមាសភាពស្នូលរបស់ក្រសួងស.អ.យ។
យុទ្ធសាស្រ្តទី៤: ពង្រីកអត្រាគ្របដណ្តប់នៃការធ្វើអន្ត​រា​គមន៍ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ដោយផ្អែកលើព័ត៌​មាន​វិទ្យាសាស្រ្ត ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍។
យុទ្ធសាស្រ្តទី៥: ពង្រឹងប្រព័ន្ធអភិបាល តាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

នៅចុងបញ្ចប់នៃបទបង្ហាញ លោក ប្រធានលេខាធិការដ្ឋាន បានសំណូមពរដូចខាងក្រោម៖
* ស្នើសុំការគាំទ្រផ្នែកថវិកា និងបច្ចេកទេសពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកញ្ចប់​សេវាសង្គមសម្រាប់ជួយដល់គ្រួសារក្រីក្រដែលមានផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។
* ស្នើសុំការណែនាំកិច្ចសហការពីអាជ្ញាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជួយគាំទ្រនូវផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺអេដស៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។ លោកទេសរដ្ឋមន្រ្តី ក៏បានផ្តល់នូវមតិសំណេះសំណាល និងអនុសាសន៍ដល់កិច្ចប្រជុំ និងថ្លែងនូវការកោតសរសើរដល់ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ រហូតឈាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបី តាមរយៈនៃផ្តល់នូវការគាំទ្រផ្នែកគាំពារសង្គម ក៏ជាផ្សព្វផ្សាយពីការឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងទាំងផ្នែកជាតិ និងឯកជន។

សមិទ្ធផលបានកន្លងមកដូចជា៖ ៣/៥ ក្នុងឆ្នាំ២០០៥ MDG ក្នុងឆ្នាំ២០១០ គោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ព្រមការសម្រេចបាននូវ ៨៦-៩៩-៩៨ (គោលដៅ៩៥-៩៥-៩៥) ក្នុងឆ្នាំ២០២២។ ចំណែកការព្យាបាលលើអ្នកផ្ទុកមេរោគអេដស៍បានប្រមាណជា ៦៨​៥០០នាក់ រហូតដល់ចុងឆ្នាំ២០២៣នេះ។ យើងនឹងសម្រេចជោគជ័យ តាមន័យវិទ្យាសាស្រ្ត គឺត្រូវបញ្ចុះអ្នកឆ្លងថ្មីត្រឹម ១០ភាគរយនៃអ្នកឆ្លងថ្មីក្នុងឆ្នាំ២០១០ មានន័យថាអ្នកឆ្លងថ្មីត្រូវមានប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ។ ការស្រឡាញ់ភេទដូចគ្នា មិនបង្កឱ្យឆ្លងមេរោគអេដស៍ទេ តែការរួមភេទដោយមិនមានវិធានការបង្ការទើបជាបញ្ហា។

រាជរដ្ឋាភិបាល បានផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដោយគិតគិតថ្លៃដល់អ្នកផ្ទុកមេរោគអេដស៍ និងផ្តល់បណ្ណមូលនិធិសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍។ បើទោះបីជា កម្ពុជាមានភាពប្រសើរក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងការមាក់ងាយនិងរើសអើងត្រូវបានកាត់បន្ថយក៏ដោយ ក៏ការមាក់ងាយនិងរើសអើងនៅតែមាននៅឡើយ ដូច្នេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវចូលរួមជួយផ្សព្វផ្សាយ។

ពិភាក្សានូវវិធានការនានា នៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមានដូចជាពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ដែលក្នុងនោះមានវិធានចំនួន ១០ នៃគោលនយោបាយជាតិនេះ មានទាក់ទងនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕