(ហាណូយ)៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោក ឌ័ន ហុង ហ្វុង អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំធំ ទីស្តីការអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ជំរុញបន្ថែមនូវទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអធិការកិច្ច ផ្អែកលើគោលការណ៍សមភាព មិត្តភាព និងផលប្រយោជន៍ ទៅវិញទៅមក ស្របតាមច្បាប់ និងបញ្ញត្តិនៃប្រទេសទាំងពីរ និងច្បាប់អន្តរជាតិ។

កិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនៃការយោគយល់គ្នានេះរួមមាន វិស័យអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការលើកកម្ពស់អភិបាលកិច្ចល្អ និងភាពស្អាតស្អំ ដែលនឹងនាំផលប្រយោជន៍ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕