(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងសារថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក ចំពោះមរណភាពឧបាសក ហេង ស៉ីវ៉ារ៉ូ។

តាមរយៈលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិ មិត្តជិតឆ្ងាយទាំងអស់ ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុម គ្រួសាររបស់ខ្ញុំបាទ និងបានឆ្លៀតពេលវេលាដ៏មមាញឹកចូលរួមជាកិត្តិយសដ៏ថ្លៃថ្លា ក្នុងពិធីបុណ្យសព និងពិធីបុណ្យគម្រប់ខួប៧ថ្ងៃ របស់ ឧបាសក ហេង ស៊ីវ៉ារ៉ូ ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា និងបងប្រុស ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅនៃគ្រួសារយើងខ្ញុំ ដែលបានទទួលអនិច្ចកម្ម នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៧២ឆ្នាំ ដោយសារឧបទ្ទវហេតុ។

កាយវិការដ៏ប្រពៃថ្លៃថ្លាខាងលើនេះ ជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវទឹកចិត្តស្រលាញ់រាប់អានដ៏ ជ្រាលជ្រៅបំផុតរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ចំពោះខ្ញុំបាទ និងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ។ ខ្ញុំបាទ និងក្រុមគ្រួសារ នឹងចងចាំជានិច្ចនូវសមានចិត្ត និងមនោសញ្ចេតនាដ៏ឧត្ដុង្គឧត្តមប្រកប ដោយសប្បុរសធម៌ និងគុណូបការៈដ៏ថ្លៃថ្លា ក្នុងគ្រាដែលខ្ញុំបាទ និងក្រុមគ្រួសារ កំពុងមានទុក្ខដ៏សែនក្រៀមក្រំនេះ។

ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»