(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអះអាងថា ជនទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក្នុងការជ្រើសរើសមន្ដ្រីរាជការសាធារណៈ នឹងប្រឈមជាមួយការចាត់វិធានការតាមផ្លូវច្បាប់ ពិសេសមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងឱកាសអញ្ជើញអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានមិនឲ្យមានការលូកលាន់ចូលក្នុងដំណើរការប្រឡងជ្រើសរើសមន្ដ្រីរាជការ ពីអ្នកដែលមិនពាក់ព័ន្ធនោះឡើយ ពោលធ្វើយ៉ាងនេះដើម្បីធានាសុក្រឹត្យភាព និងធានានូវភាពជឿជាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានករណីចង់ស៉ីឡាក់ មិនមែនអត់ទេ ប៉ុន្ដែត្រូវការចូលរួមពី ACU (អង្គភាពប្រឆាំងអំពើពុករលួយ) និងអនុវត្តច្បាប់ដោយ ACU។ ខ្ញុំសូមអំពាវនាវឲ្យគណៈកម្មការ និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមដើម្បីជំរុញធានាសុក្រឹត្យភាព ដើម្បីធានានូវភាពជឿជាក់ ធានានូវចូលបានដោយសមត្ថភាពនៃមន្ដ្រីរបស់យើង។ សម័យឥឡូវមិនមែនប្រឡងមិនជាប់ មន្ដ្រីដាច់ពោះទេ យើងមានជម្រើសផ្សេងច្រើននៅក្នុងការងារ ពិសេសសុំការចូលរួមពីបេក្ខជន និងក្រុមគ្រួសារតែម្ដង»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ការប្រឡងចូលបម្រើការងារជាមន្ដ្រីរាជការ ត្រូវផ្ដើមចេញពីទឹកចិត្តនៃការស្រលាញ់ និងចង់បម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ មិនមែនជាការវិនិយោគនោះទេ។ ពិតមែនហើយប្រសិនបើមានការវិនិយោគ ក៏មិនមែនវិនិយោគជាថវិកានោះដែរ ពោលត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ វិនិយោគរកថវិកាដើម្បីសូកគេឡើយ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងធានានូវសុក្រឹត្យភាព និងភាពត្រឹមត្រូវក្នុងការប្រឡងនេះ ព្រោះនេះជាកិច្ចការធំណាស់សម្រាប់ផ្ដល់ការលើកទឹកចិត្តដល់កូនខ្មែរ ដែលចង់ក្លាយជាមន្ដ្រីបម្រើរាស្ដ្រ។ សម្ដេចបន្ដថា ជាការចូលដោយស្ម័គ្រចិត្ត និងការខិតខំលះបង់ បង្កើននូវផ្នត់គំនិតនៃការជោគជ័យ ដោយការខិតខំប្រឹងប្រែង។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ និងក្រុមគ្រួសារ ដែលជឿជាក់ដល់ការរៀបចំដំណើរការប្រឡងនាពេលកន្លងមក។ ខណៈអ្នកដែលមិនទាន់ជោគជ័យ ត្រូវបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត។

សូមជម្រាបថា ក្រោយរាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានបង្កើតឡើងនោះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ដ្រីរាជការស៉ីវិល បានដឹកនាំរៀបចំប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានចំនួន៦ដងរួចមកហើយ ក្នុងនោះរួមមាន៖

* មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០កន្លែង
* គ្រូបង្រៀនជំនាញអប់រំកាយ និងកីឡា ចំនួន១០០កន្លែង
* មន្ត្រីក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៣៣កន្លែង
* មន្ត្រីក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៩៩កន្លែង
* មន្ត្រីក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៥២កន្លែង
* គ្រូបង្រៀនអនុវិទ្យាល័យ ចំនួន៣៤៣កន្លែង។

គ្រប់ការប្រឡងទាំង៦លើកមកនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព៕