(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គ្មាននរណាល្អឥតខ្ចោះនោះទេ តែត្រូវដាក់ចិត្តប្រឹងប្រែងធ្វើឱ្យខ្លួនឯងល្អឥតខ្ចោះ ទើបឃើញចន្លោះប្រហោង និងទទួលស្គាល់ការណ៍ពិត ដើម្បីការខ្លួនដោយស្មារតីទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ​ទី​១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

សម្តេចធិបតី បានលើកឡើងថា មន្ត្រីជាបម្រើរាស្ត្រ ដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់លើកឡើង។ អភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល គឺប្រើទាំងអស់ ប៉ុន្តែការអនុវត្ត ៤ដំបូង ចាំបាច់ត្រូវធ្វើជាប្រចាំ ហើយសម្តេចធិបតី ក៏ពុំចង់ឃើញការមន្ត្រីធ្វើខុស រហូតដល់ត្រូវអនុវត្តអភិក្រមទី៥ នោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានពីណាល្អឥតខ្ចោះគ្រប់គ្នាទេ ប៉ុន្តែត្រូវខិតខំដើម្បីយើងល្អឥតខ្ចោះ។ យើងត្រូវដាក់ចិត្តបែបនេះ ទើបយើងឃើញថា ពេលយើងចន្លោះប្រហោង ទើបយើងទទួលស្គាល់ ហើយយើងកែខ្លួនដោយខ្លួនឯង ដោយស្មារតីទទួលខុសត្រូវ»

បើតាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាល អាណត្តិទី៧ បានអនុវត្តអភិក្រមនេះ ដោយមានការដាក់វិន័យ ការទម្លាក់ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ ជាដើម។

សូមជម្រាបថា អត្ថន័យរបស់អភិក្រមទាំង៥ រួមមាន៖

* ១៖ ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។

* ២៖ ងូតទឹក គឺត្រូវសម្អាតកាយ វាចា និងចិត្ដ ពោលគឺ រៀបចំការស្លៀកពាក់សមរម្យឱ្យសក្ដិសមជាមន្ដ្រីរាជការ និយាយស្ដីពីពីរោះពិសាជាមួយមិត្ដរួមការងារ ក៏ដូចជាមហាជនទូទៅ មិនត្រូវឈ្នានីស ប្រកាន់ ច្រណែន ខឹង ស្អប់ ព្យាបាទ។

* ៣៖ ដុសក្អែល គឺត្រូវលុបបំបាត់នូវទម្លាប់អាក្រក់ និងទង្វើអសកម្មទាំងឡាយដូចជាអំពើពុករលួយ បក្សពួកនិយម។

* ៤៖ ព្យាបាល គឺត្រូវដាក់វិន័យរាល់កំហុសឆ្គង ចេះកែប្រែឥរិយាបថរបស់ខ្លួនដែលឆ្គាំឆ្គង ដើម្បីជាគំរូផង និងជួយដាស់តឿនមនុស្សជុំវិញខ្លួនផងដែរ។

* ៥៖ វះកាត់ គឺការដកតំណែង៕