(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ត្រនោះទេ ហើយមន្ត្រីបម្រើរាស្ត្រប្រៀបដូចជាបម្រើខ្លួនឯង និងក្រុមគ្រួសារផងដែរ ព្រោះមន្ត្រីនៅពេលដោះតួនាទីចេញ ក៏ជាប្រជារាស្ត្រដូចគ្នាដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ត្រីគ្រប់រូបក៏ជាប្រជារាស្ត្រដែរ យើងដោះតែតួនាទី ដោះតែកន្លែងធ្វើការចេញ យើងក៏ជាប្រជារាស្ត្ររស់នៅក្នុងសង្គម រស់នៅក្នុង ភូមិ ឃុំ យើងចប់យើងត្រូវការចូលនិវត្តន៍ យើងចេញពីមន្ត្រីរាជការ យើងក៏ជាប្រជារាស្ត្រសាមញ្ញ កូនរបស់យើង ប្រពន្ធរបស់យើង ចៅរបស់យើងក៏ជាប្រជារាស្ត្រដែរ ចឹងបម្រើប្រជារាស្ត្រគឺដូចជាបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ហើយថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ត្រនោះទេ កិច្ចការនេះគឺពិតណាស់ មន្ត្រីមានការងារនិងមានឱកាសតួនាទីដូចពេលបច្ចុប្បន្ននេះ គឺដោយសារមានការគាំទ្រពីប្រជាជន មិនថាតាមរយៈការបោះឆ្នោត ឫការចូលរួមបង្កើតកំណើនសេដ្ឋកិច្ចនោះទេ គឺដើម្បីឱ្យរដ្ឋមានចំណូលដើម្បីទៅបម្រើដោះស្រាយនូវបញ្ហាផ្សេងៗជូនពួកគាត់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងចង់បានបរិស្ថានមួយដែលងាយស្រួលខ្លួនការរស់នៅ មានសេវាសាធារណៈល្អសម្រាប់ខ្លួនយើង និងក្រុមគ្រួសារយើង យើងគួរអនុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អដល់មន្ត្រី និងប្រជារាស្ត្រផ្សេងៗទៀត នៅតំបន់ដែលយើងធ្វើការផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា គ្មានប្រជាពលរដ្ឋណាមួយដែលចង់រស់នៅក្នុងបរិស្ថាន ដែលមានសេវាសាធារណៈមិនប្រាកដប្រជានោះទេ ដូចនេះប្រជាពលរដ្ឋគឺចង់បានអ្នកណាដែលផ្តល់សេវាសាធារណៈដែលមានលំនឹង និងភាពអាចទុកចិត្តបានក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់ផងដែរ៕