(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ និងបានដាក់ចេញនូវអនុសាសន៍ចំនួន៧ចំណុច ដើម្បីចូលរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធិភាពនៅក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងក្នុងវិស័យសាធារណៈសម្រាប់ប្រយោជន៍ និងគោលនយបាយនៃកម្មវិធីកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល។

ការដាក់ចេញនូវអនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះសម្តេចបានថ្លែងលើកទឹកចិត្តឱ្យបន្តការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ ដោយក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសហការ និង បំពេញការងារឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និង ភារកិច្ចនៅក្នុងកិច្ចសហការ និង ការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និង បំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖

ទី១. គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តី ជាប្រចាំ, ទាំងសម្រាប់កម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស តាមរយៈ កម្មវិធីបណ្តុះបណ្តាល និង កម្មវិធីចែករំលែកចំណេះដឹងផ្សេងៗ ដើម្បីពង្រឹងភាព ជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព, ការពង្រឹងប្រព័ន្ធដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការការងារ, ការកសាងវប្បធម៌ផ្តល់សេវាល្អ, ការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ, និងការកែប្រែឥរិយាបទរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់មានឆន្ទៈម្ចាស់ការ,មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈល្អ។
លើសពីនេះ, គ្រប់ក្រសួង- ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្ដល់ឱកាស និង លើកទឹកចិត្ត ដល់ថ្នាក់ ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមផ្តល់ការបណ្តុះបណ្តាល និងកម្មវិធីចែក រំលែកចំណេះដឹងដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម របស់សាលាភូមិន្ទរដ្ឋបាល។
ទី២. គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដល់ការរៀបចំក្របខ័ណ្ឌសមត្ថភាពមន្ត្រី ក្នុងមុខតំណែងនីមួយៗជាមូលដ្ឋានក្នុង ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដើម្បីអនុវត្តមុខងារ និងភារកិច្ចក្នុងរដ្ឋបាល សាធារណៈ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច, គណនេយ្យភាព និង ការទទួលខុសត្រូវច្បាស់លាស់ គាំទ្រដល់ដំណើរការនៃការកសាងរដ្ឋបាលសាធារណៈ ឈរលើទស្សនៈទាននៃការគ្រប់ គ្រងផ្អែកលើសមិទ្ធកម្ម ដែលត្រូវបានរៀបចំ និងដាក់ឱ្យ អនុវត្តជាបណ្តើរៗ ។
ទី៣. ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរដល់ការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ ការអភិវឌ្ឍសមត្ថភាពមន្ត្រីក្នុងរដ្ឋបាលសាធារណៈ ដើម្បីប្រើប្រាស់ជាផែនទីចង្អុល ផ្លូវសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយ ផ្ដើមចេញពីការពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្ននៃការកសាងសមត្ថភាពមន្រ្តីសាធារណៈ, ការរៀបចំក្របខ័ណ្ឌអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រព័ន្ធដោយឈរលើគោលការណ៍គុណភាពនៃការបណ្តុះបណ្តាលនិងប្រសិទ្ធភាពចំណាយ,ការរៀបចំកម្មវិធីសិក្សាប្រកបដោយគុណភាពឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់ជាក់ស្ដែង,ការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយនឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឍ អាជីពមន្ត្រី, ការរៀបចំក្របខ័ណ្ឌគុណវុឌ្ឈ គ្រូឧទ្ទេស, ការពង្រឹងកិច្ចសហការរវាង គ្រឹះស្ថានបណ្តុះបណ្តាលជាដើម ។
ទី៤. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តកែទម្រង់ការដឹកនាំ គ្រប់គ្រង និង ប្រតិបត្តិការឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តលើកកម្ពស់សមត្ថភាព និង គុណភាពនៃការបណ្តុះបណ្តាល និង ការសិក្សាស្រាវជ្រាវក៏ដូចជាការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលឱ្យស្របតាមការវិវត្តនៃវិស័យសាធារណៈ ពិសេសតាមរយៈការពិនិត្យឡើងវិញ និង ធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់ខ្លួន ដើម្បីអភិវឌ្ឍ សមត្ថភាពឱ្យឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការវិវត្តក្នុងតំបន់ និងពិភពលោក ។
ទី៥. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តជំរុញថែមទៀតក្នុងការរៀបចំឱ្យមានកម្មវិធី និង វេទិកានានា ដើម្បីចែករំលែកចំណេះដឹង និង បទពិសោធឱ្យកាន់តែទូលំទូលាយ ពាក់ព័ន្ធនឹងនវានុវត្តន៍, ឧត្តមានុវត្ត និង ភាពជាអ្នកដឹកនាំគំរូក្នុងរដ្ឋបាលសាធារណៈ។
ទី៦. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាល ដោយការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា, រួមមានការអភិវឌ្ឍថ្នាលបណ្តុះបណ្តាលឌីជីថលសម្រាប់គាំទ្រ និង ពង្រីកសមត្ថភាពបណ្តុះបណ្តាល និង ការផ្តល់កាលានុវត្តភាពថ្មីបន្ថែមទៀត ដល់មន្ត្រីក្នុងការអភិវឌ្ឍសមត្ថភាព ។

ទី៧. សាលាភូមិន្ទរដ្ឋបាល ត្រូវបន្តលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការបណ្ដុះ បណ្តាល ដោយរៀបចំវគ្គបណ្តុះបណ្ដាលផ្អែកលើការវាយតម្លៃសេចក្តីត្រូវការច្បាស់លាស់ និង ពិតប្រាកដ នៃការងារនៅតាមអង្គភាពនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវមានការពិនិត្យ និង វាយតម្លៃឱ្យបានទៀងទាត់អំពីផលនៃការបណ្តុះបណ្តាលលើការអនុវត្តការងារនៅតាមអង្គភាព៕