(ភ្នំពេញ)៖ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា «CCAWDU» និងសម្ព័ន្ធសហជីពចលនាកម្មក «CUMW» បានចេញសេចក្តីថ្លែងការណ៍ និងប្រតិកម្មឆ្លើយតបហៅ ការរកឃើញរបស់សង់ត្រាល់ថា គ្មានភាពជាតំណាង មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃវិស័យកាត់ដេរនៅកម្ពុជា និងគ្រាន់តែជាទស្សនៈមួយជ្រុងប៉ុណ្ណោះ។ ការចេញេសេចក្តីថ្លែងការណ៍ និងប្រតិកម្មបែបនេះ បន្ទាប់ពីអង្គការសង់ត្រាល់បានចេញរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅស្តីពី សេរីភាពសហជីពនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា «CCAWDU» បានសង្កត់ធ្ងន់ថា របាយការណ៍សង់ត្រាល់គ្រាន់តែជាផ្នែកមួយនៃព័ត៌មានបន្ថែមក្នុងការជំរុញឱ្យសេរីភាពសហជីពកាន់តែប្រសើរប៉ុណ្ណោះ ដែលមិនអាចតំណាងឱ្យស្ថានភាពនៃវិស័យកាត់ដេរ នៅកម្ពុជានោះឡើយព្រោះសហជីពនៅកម្ពុជារួមទាំង CCAWDU និងសហជីពជាង៦,០០០ផ្សេងទៀត កំពុងអនុវត្តសកម្មភាពរបស់ខ្លួនទៅតាមច្បាប់ជាតិ និងអន្តរជាតិជាធម្មតា។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «សហជីពទូទៅនៅប្រទេសកម្ពុជា អាចអនុវត្តសកម្មភាពរបស់ខ្លួនបានទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ យើងអាចបញ្ជាក់ភស្តុតាង បានតាមវត្តមានរបស់ស៊ីខៅឌូ និងសកម្មភាពរបស់ខ្លួន ហើយក៏មានសហជីព និងសហព័ន្ធដែលបម្រើផលប្រយោជន៍ជូនកម្មករ និយោជិតកំពុងធ្វើសកម្មភាពរបស់ខ្លួនដែរ។ ចំពោះបញ្ហា សេរីភាពសហជីពយើងបាន និងកំពុងជួបឧបសគ្គខ្លះៗដែលប្រទេសផ្សេងៗក៏ជួបដូចគ្នាដែរ ប៉ុន្តែយើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដូចជា រាជរដ្ឋាភិបាល និយោជក ម្ចាស់ម៉ាក និងអង្គការដៃគូពាក់ព័ន្ធ «ILO-BFC» ជាដើម ដើម្បីដោះស្រាយបញ្ហាដែលកើតមានជាបន្តបន្ទាប់។ ចំពោះកិច្ចការទំនាក់ទំនង វិជ្ជាជីវ:នៅក្នុងឧស្សាហកម្មកម្ពុជាមានស្ថានភាពល្អ និងអាចគ្រប់គ្រងបានដើម្បីលើកកម្ពស់សិទ្ធិនិងផលប្រយោជន៍កម្មករ និយោជិត ឲ្យប្រសើរឡើង»

ទន្ទឹមនឹងនេះ ប្រធានសម្ព័ន្ធសហជីពចលនាកម្មក «CUMW» លោកប៉ាវ ស៊ីណា វិញហៅរបាយការណ៍របស់សង់ត្រាល់ថា គ្មានភាពជាតំណាងដោយធ្វើការតែជា មួយសហជីពចំនួនពីរ និងធ្វើបទសម្ភាសន៍ជាមួយរោងចក្រ១០ប៉ុណ្ណោះ ដូចនេះមិនអាចចាត់ទុកត្រឹមត្រូវឡើយ។

បន្ថែមពីនេះ លោក ប៉ាវ ស៊ីណា៖ «ក្នុង របាយការណ៍ ប្រើឈ្មោះ តែ២ ស្ថាប័នប៉ុណ្ណោះ CATU & CCAWDU ហើយ យកគោលដៅតែ ១៤ រោងចក្រ ក្នុងចំណោម ជាង ៧០០ រោងចក្រ ជាសមាជិក BFC»។ សម្រាប់ប្រធានសម្ព័ន្ធសហជីពចលនាកម្មក របាយការណ៍ដែលមិនឆ្លុះបញ្ចាំងស្ថានភាពពិតបែបនេះ មិនត្រឹមតែវាយប្រហារ គម្រោងរោងចក្រកាន់តែប្រសើរ (BFC) ប៉ុណ្ណោះទេប៉ុន្តែកំពុងតែធ្វើឱ្យមានក្តីព្រួយបារម្ភដល់អ្នកបញ្ជាទិញ។ ជាមួយគ្នានេះ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា(CCAWDU)ព្រមានអង្គការសង់ត្រាល់មិនអាចយករបាយការណ៍ដែលខ្លួនសហការធ្វើជាមួយនេះប្រើប្រាស់ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះភាគីណាមួយឡើយ៕