(ស្វាយរៀង)៖ មន្រ្តីគណបក្សសង្គ្រោះជាតិ (CNRP) មានតួនាទីជាទីប្រឹក្សាស្រុករំដួល នៃគណៈកម្មាធិការប្រតិបត្តិការ ខេត្តស្វាយរៀង ហើយបច្ចុប្បន្នជាសន្តិសុខរោងចក្រ ANG និងបក្ខពួក៣នាក់ ខណៈកំពុងជួញដូរ និងជក់គ្រឿងញៀន នៅក្នុងផ្ទះជួលបន្ទប់លេខ២០៧ ក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
មន្រ្តីនគរបាលក្រុងបាវិត បានបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រោយពេលដែលទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋមូលដ្ឋាន ពីករណីជក់គ្រឿងញៀននៅក្នុងបន្ទប់ជួល។
មន្រ្តីនគរបាលបានបន្តថា ជនសង្ស័យឈ្មោះ អ៊ូ ដានី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសន្តិសុខរោងចក្រ ANG មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយក៏មានតួនាទី ជាទឹកប្រឹក្សាស្រុករំដួល របស់គណបក្សសង្គ្រោះជាតិទៀតផង (នេះបើពិនិត្យមើលទៅលើកាតសម្គាល់ខ្លួនការងារ)។
ដោយជនសង្ស័យ៣នាក់ទៀតរួមមាន៖ ទី១-ឈ្មោះ បឿន សារ៉េន អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ទី២-ឈ្មោះ ចាន់ សាវ៉ែន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយប៉ោ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង និងទី៣-ឈ្មោះ ផូ ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ (ជីវីន) មានទីលំនៅភូមិបឹងងោល ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន បានប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន ជាលទ្ធផលនៃការធ្វើតេះទឹកនោមគឺ(វិជ្ជមាន)។ ចំណែកឯជនសង្ស័យឈ្មោះ អ៊ូ ដានី ជាមន្រ្តីរបស់ CNRP នោះនៅពេលសមត្ថកិច្ចឆែកនៅលើដងខ្លួន ក៏រកឃើញម្សៅក្រាមព៌ណស(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំផងដែរ។ ក្រោយពីធ្វើការសាកសួរចប់ និងផ្អែកតាមចម្លើយសារភាព រួមទាំងវត្ថុតាងសមត្ថកិច្ច នគរបាល បានសំរេចធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕