(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់សាលាភូមិន្ទរដ្ឋបាលគួរមានស្តង់ដាវិន័យមួយខ្ពស់ តែមិនគួរមានវិធានការតឹងរឹង ពីព្រោះសិស្សសាលាភូមិន្ទរដ្ឋបាលដែលសុទ្ធតែជាមន្ត្រី មិនគួរចាំបាច់សាលាអនុវត្តវិធានការវិន័យនោះទេ តែសិស្សខ្លួនឯងគួរតែមានស្មារតីនៃការអនុវត្តវិន័យឱ្យបានខ្ពស់។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់ចេញនូវវិធានការជាច្រើនដើម្បីពង្រឹងវិន័យ ប៉ុន្តែខ្ញុំគិតថា សាលាគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែវិធានការក្នុងការជំរុញអនុវត្តវិន័យកុំតឹងពេក»

ពាក្យរបស់សម្ដេចធិបតី គឺ «គួរ!» មិនមែន «ត្រូវតែ!» នោះទេ។ សាលាគួរតែមានស្ដង់ដាអនុវត្តវិន័យខ្ពស់ នេះជាគោលដៅធំ។ វិន័យ វាផ្ដើមចេញពីការស្វ័យទទួលខុសត្រូវរបស់សិស្សនីមួយៗ និងគ្រូនៅក្នុងសាលា។ នេះទើបជាអ្វីដែលសម្ដេចធិបតីមានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាលគួរតែជាសាលាដែលមានស្ដង់ដាវិន័យខ្ពស់ ប៉ុន្តែមិនគួរមានវិធានការតឹងរឹង ព្រោះមន្ត្រីរាជការជាថា្នក់ដឹកនាំបច្ចុប្បន្ន និងអនាគត មិនចាំបាច់ដាក់វិធានការគៀបនោះទេ។

សម្ដេចធិបតីបានបន្តថា មន្ត្រីត្រូវមានស្ដង់ដាគំរូខ្ពស់ មន្ត្រីជាថ្នាក់ដឹកនាំ ការបណ្ដុះបណ្ដាលនៅទីនេះ គឺសុទ្ធតែជាអ្នកមានសក្ដានុពលខ្ពស់ធ្វើជាអ្នកដឹកនាំ សិស្សនីមួយៗគួរតែយល់ពីតម្លៃ និងកាតព្វកិច្ច៕