(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនឈ្មោះ អឿ អឿន ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោយពីព្រះរាជអាជ្ញារង ខាំ សុផារី ដែលជាអ្នកកាន់សំណុំរឿង បានសំរេចធ្វើការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រ២៣១ នៃច្បាប់ ស្ដីពីឧបករណ៏អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ជនសង្ស័យក្នុងករណីឆបោកលុយជិត៧លានដុល្លារ ដោយជំហ៊ានដំបូងគេដឹងថា ករណីនេះផ្ដើមចេញពីរឿងជំនួញឈើប្រណីតនាំចេញទៅក្រៅប្រទេស ដោយមានជនជាតិចិន ឲ្យលុយមកជនសង្ស័យប្រមូលទិញឈើប្រណីតនាំចេញយកទៅអោយខ្លួន តែជនសង្ស័យមិនបានបញ្ជូនឈើ ទៅអោយដូចការព្រមព្រៀងនោះទេ។
ជនសង្ស័យក្នុងរឿងឆបោកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេស្គាល់ឈ្មោះ អឿ អឿន មានមុខរបរជាអ្នករកស៊ី។ ចំណែកភាគីដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន ហើយទឹកលុយដែលភាគីម្ចាស់បណ្ដឹងអះអាងថា បានប្រគល់ទៅឲ្យឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញយកទៅ ឲ្យខ្លួននោះ មានចំនួន៦,២០០,០០០ដុល្លារ ដោយបូករួមទាំងការអះអាងពីបុរសពីរនាក់ទៀតដែលរួមមានឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង បានបញ្ជាក់ថាឈ្មោះ អឿ អឿន នេះបានទិញឈើធ្នង់របស់ខ្លួន (ក្រុមហ៊ុនទ្រី ភាព) មានទឹកប្រាក់ចំនួន១លានដុល្លារ តែមិនទាន់បានសងលុយនោះទេ ដូចនេះទឹកប្រាក់ក្នុងសំណុំរឿងឆបោកនេះមានរហូតដល់ទៅ៧,២០០,០០០ដុល្លារឯណោះ។
តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនខាងលើនេះបានព្រមព្រៀងប្រគល់លុយឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រមូលទិញឈើធ្នង់នៅក្នុងប្រទេសកម្ពុជានាំចេញយកទៅឲ្យខ្លួនដោយក្នុង១ខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់ឲ្យនោះទេ ក្រោយមកដោយសារតែគ្មាន
ឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿនចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យជនជាតិចិនដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។ ក្រោយមកទៀតឈ្មោះ អឿ អឿន បានឲ្យឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង ប្រមូលទិញឈើពីក្រុមហ៊ុនទ្រី ភាព ឲ្យខ្លួន ហើយអ្នកទាំងពីរក៏បានប្រគល់ឈើដែលមានតំលៃទឹកប្រាក់១លានដុល្លារ ទៅអោយឈ្មោះ អឿ អឿន តែឈ្មោះនេះក៏មិនបានបង្វិលសាច់ប្រាក់ អោយនោះដែរ បើសរុបចំនួនលុយមានរហូតដល់ទៅ ៧,២០០,០០០ដុល្លារឯណោះ។
ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រមព្រៀងប្រមូលទិញឈើឲ្យទៅជនជាតិចិនក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែនដោយមួយខែត្រូវប្រគល់ឈើអោយ៤០កុងតឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់អោយមែន ហើយលុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះ ពិតប្រាកដមែន។ ដោយឡែករឿងលុយ១លានដុល្លាររបស់ឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង វាគ្រាន់តែជាលុយកំរៃជើងសារថ្លៃទិញឈើ ដោយមានឯកសារត្រឹមតែឈ្មោះ ស្រៀង ម៉េង និងវ៉ាន់ សំណាងប៉ុណ្ណោះ មិនមានឯកសារនៅក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើការផ្ទៀងផ្ទាត់នោះទេ៕