(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រីព្រមទាំងក្រុមការងារ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានចូលរួមរំលែកទុក្ខបុណ្យសព កុមារី អ៉ីន សុភ័ក្រ នៅក្នុងភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលបានស្លាប់ក្នុងករណីលិចទូកដរនៅកំពង់ចម្លងភូមិបឹងខ្វែក ឃុំស្រើង និងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ងួន រតនៈ ចូលរួមរំលែកទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះក្រុមគ្រួសារសពសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូកនេះ។ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធសពកុមារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១៖២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ (ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទសំបូរ) បានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន ១៥នាក់ ស្រី១០នាក់ និងម្ចាស់ទូកម្នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី១០នាក់ ហើយបានបាត់ជីវិតចំនួន១នាក់ភេទស្រី។

ជាមួយនឹងការចូលរួមរំលែកទុក្ខលោក ងួន រតនៈនិងលោកស្រី ព្រមទាំងក្រុមការងារបាននាំយកថវិកាមួយចំនួនទៅផ្ដល់ជូនរួមមានពីលោកបណ្ឌិត ថោង ខុន  អនុប្រធានក្រុមការងារចុះជួយចុះមូលដ្ឋានខេត្តកំពង់ធំ ថវិកា ១.០០០.០០០រៀល, លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងសហការីឧបត្ថម្ភថវិកាចំនួន ១.៣៥០.០០០រៀល, និងលោកស្រី ជា សេរី  អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល៕