(សៀមរាប)៖ លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសិក្សានុសិស្ស ចូលរួមសម្អាតបរិស្ថាននៅក្នុងសហគមន៍ ដើម្បីលើកកំពុងសោភ័ណភាពឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញទេសចរ ដោយគ្រាន់តែចូលរួមសម្អាតបរិស្ថាន នៅតាមសហគមន៍របស់យើង សាលារៀន វត្តអារាម ឬនៅតាមទីធ្លាសាធារណៈមួយចំនួនផងដែរ។
ការជំរុញយ៉ាងដូច្នេះរបស់លោកស្រី មាស ច័ន្ទធីតា នៅក្នុងកម្មវិធីសម្អាតបរិស្ថានដែលផ្តួចផ្តើមរៀបចំឡើងដោយ អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ សហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមប្រធានបទ « កម្ពុជាស្អាត ខ្មែរធ្វើបាន » កំពុងភ្លកស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក។
ពិធីនេះមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប, លោក សូរ ប្លាតុង អភិបាលស្រុកបករាសាទបាគង, លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។
លោក ស៊ា សុផល បានបានប្ដេជ្ញាចិត្តជាមួយអាជ្ញាធរមូលដ្ឋានចុះសម្អាតបរិស្ថានរហូតនៅក្នុងរដូវវស្សានេះ យើងនឹងចុះធ្វើចលនា «ពុងភ្លកស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។ ក្នុងនោះដែរ គិតត្រឹមថ្ងៃទី០៩ ខែមិថុនានេះ ក្រោមការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្តវបស់យើង បានធ្វើការផ្សព្វផ្សាយពីបរិស្ថានដល់ប្រជាពលរដ្ឋរយៈពេល២សប្តាហ៍ ឃើញថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារបានចូលរួមជាមួយយើង ដោយពួកគាត់បានយកស្បៃមោងចាស់ដេរដាក់ ហើយញែកដាក់អេតចាយផ្សេង និងប្លាស្ទិកផ្សេង ដោយមិនពង្រាយប្លាស្ទិកផងដែរ។
លោក ពិន ប្រាកដ បានលើកឡើងថា យើងទាំងអស់គ្នាត្រូវយកចិត្តខ្ពស់ចំពោះបរិស្ថាន ទាំងដើមឈើ និងថង់ប្លាស្ទិក។ កាលបើសហគមន៍របស់យើង មានភាពស្រស់ស្អាត ក៏មានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តច្រើន ហើយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាខេត្តសៀមរាប មានជីវភាពធូរធាផងដែរ។ លោកបន្តថា ដើម្បីរក្សាបាននូវសេដ្ឋកិច្ចរបស់យើងឱ្យមានលំនឹង យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ចូលរួមការពារ ទើបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើន។
លោកស្រី មាស ច័ន្ទធីតា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះដែរ វិស័យបរិស្ថាន ក៏បានធ្វើការអភិវឌ្ឍ ក៏ដូចជាកំណែទម្រង់ទៅលើវិស័យរបស់ខ្លួន សម្រាប់នីតិកាទី៧ នៃរដ្ឋសភានេះ យើងបានដាក់ចេញនៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨។ ហើយក្នុងនោះ ផ្តោតទៅលើមុំសំខាន់ៗចំនួន៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ ហើយក្នុងភាពស្អាត ក៏យើងផ្តោតទៅលើ៣ចំណុចដូចគ្នា គឺភាពស្អាតនៅក្នុងចិត្ត ភាពស្អាតនៅក្នុងបរិស្ថានជុំវិញ និងភាពស្អាតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីបន្តថា ពាក់ព័ន្ធនឹងភាពស្អាតនៅជុំវិញខ្លួនយើង ផ្តោតទៅលើក៣ចំណុចដូចគ្នា គឺភាពស្អាតនៅលើមេឃ ភាពស្អាតនៅក្នុងទឹក និងភាពស្អាតនៅលើដី។ ក្នុងនោះមាន២ចំណុច គឺភាពស្អាតនៅក្នុងទឹក និងភាពស្អាតនៅលើដី មានគាំទ្រយ៉ាងខ្លាំងពីអង្គការមូលនិធិទំពាំងស្នងឫស្សី។ ភាពស្អាតនៅក្នុងទឹក ផ្តោតទៅលើការសម្អាតបឹងទន្លេសាប ទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានសំរាម និងសំណល់ ចូលទៅក្នុងបឹងទន្លេសាបធ្វើឱ្យបំពុលទឹករបស់យើង។ ភាពស្អាតនៅលើដី ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ « ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » យុទ្ធនាការនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការិនី និងប្រជាពលរដ្ឋ បើគិតមកដល់ថ្ងៃនេះយើងទទួលបានការគាំទ្រជាងពាក់កណ្តាលនៃប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
លោកស្រី មាស ច័ន្ទធីតា ក៏បានថ្លែងអំណរគុណដល់អង្គការមូលនិធិទំពាំងស្នងឫស្សី ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន អនុវត្តនូវគោលនយោបាយនេះ ហើយមិនយូរទេយើងនឹងទទួលភាពស្អាតនេះជាក់ជាមិនខាន៕