(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភជូនកងកម្លាំងយោធិន ដែលកំពុងសហប្រតិបត្តិការបំពេញភារកិច្ច ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់គោកព្រះ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដែលសម្ដេច បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីសកម្មភាពការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលកងកម្លាំងចម្រុះរបស់ខេត្តកំពង់ធំ បាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្មដោយទទួលបានជោគជ័យនៅគ្រប់គោលដៅទាំងអស់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រតំបន់៣ ជាប់មាត់បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស្រុកទាំង៦ របស់ខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការ ការពារទប់ស្កាត់ឱ្យបានមិនឱ្យមានការកាប់ទន្រ្ទានព្រៃលិចទឹកជាថ្មី ជាដាច់ខាត។ ដោយឡែកចំពោះផ្ទៃដី ដែលមានការកាប់ទន្ទ្រានយកពីសំណាក់ជនល្មើសកន្លងមក ដែលកងកម្លាំងចម្រុះបានរកឃើញ ត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់ ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលបានកាប់បំផ្លាញធនធានធម្មជាតិ រាយការណ៍ជូនសមត្ថកិច្ចជំនាញកសាងសំណុំលិខិតបញ្ជូនទៅតុលាការដើម្បីអនុវត្តន៍តាមវិធានការច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ  និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់មេបញ្ជាការគោលដៅទាំង៦ នៃទីបញ្ជាការស្រាលរបស់ក្រុង.ស្រុក ដើម្បីបន្តបម្រើសកម្មភាពការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យបន្ថែមទៀត៕