(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងក្រុមការងារថ្នាក់ខេត្ត នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន២០លានរៀល ចូលរួមរំលែកទុក្ខបុណ្យសពកុមារី អ៉ីន សុភ័ក្រ ដែលទទួលមរណភាពក្នុងករណីលិចទូកចម្លង នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ងួន រតនៈ បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ  អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។       

លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពឱ្យល្អរឹងមាំ និងសូមឱ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំណែកអ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើទូកដរបស់ខ្លួន។

សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១.២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ (ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទសំបូរ) បានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន១៥នាក់ ស្រី១០នាក់ និងម្ចាស់ទូក០១នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី១០នាក់ ហើយបានបាត់ជីវិតចំនួន ០១នាក់ ភេទស្រី៕