(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអង្គការមនុស្សធម៌នៃក្តីស្រលាញ់ របស់ប្រទេសសិង្ហបុរី មូលនិធិចក្ខុខ្មែរ និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្តធនាគារជាតិនៃកម្ពុជាចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីចុះពិនិត្យ និងព្យាបាលភ្នែក-ត្រចៀក នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ នេះថា រាជរដ្ឋាភិបាល កម្ពុជា ដែលមានអាយុ៩ខែ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអ្នកបន្តមរតកដឹកនាំ ក្រោមដំបូល សន្តិភាពពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និងបន្តយក ចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះមានយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាល ទី១ និងវិស័យអាទិភាពចំនួន៦ទៀត ដែលជាផែនទីចង្អុលផ្លូវសម្រាប់ការកសាង ការពារ និងអភិវឌ្ឍមាតុភូមិ។ ជាក់ស្តែងក្នុងរយៈ ពេល ៩ខែកន្លងទៅនេះ
រាជរដ្ឋាភិបាលដែលដឹកនាំ ដោយអ្នកជំនាន់ថ្មី សម្រេចបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យសម្គាល់។
ដោយឡែកវិស័យសុខាភិបាល ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល បានកំពុង បន្តពង្រឹងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ក្នុងគោលបំណងពង្រឹងសុខមាលភាពប្រជាពលរដ្ឋ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជា សកល តាមរយៈការពង្រីកសេវាសុខាភិបាលរហូតដល់ទៅ៧ថ្ងៃក្នុង២៤ម៉ោង នៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាព, ការដាក់ សម្ពោធមន្ទីរពេទ្យបង្អែកនៅសៀមរាប (មន្ទីរពេទ្យបង្អែកប្រចាំតំបន់) ដែលអាចទទួលព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ មកពីខេត្តនៅក្បែរនោះ, ការពង្រឹងសមត្ថភាព និងគុណភាពគ្រូពេទ្យ និងបរិក្ខារពេទ្យនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព, និងការបំពាក់ប្រព័ន្ធអ៊ិនធើ ណែត សម្រាប់ក្រុមគ្រូពេទ្យនៅតាមបណ្តាខេត្ត អាចទាក់ទងពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យនៅភ្នំពេញជាដើម។
លោកស្រីបណ្ឌិតលើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះ បេសកកម្មមនុស្សធម៌ ដែលធនាគារជាតិនៃកម្ពុជា បាននិងកំពុងប្រឹងប្រែងផ្តល់ជូនប្រជាពលរដ្ឋនៅពេលនេះ ជាការចូលរួមចំណែក ក្នុងការធ្វើឱ្យសុខមាលភាពភ្នែក-ត្រចៀករបស់ប្រជា- ពលរដ្ឋកាន់តែប្រសើរឡើង ដើម្បីអាចមានលទ្ធភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចកាន់តែសកម្មថែមទៀត ដែលជាផលវិជ្ជមានទៅ ដល់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។
ជាក់ស្តែងថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សរុបប្រមាណ ៣៥រូប មកពីអង្គការ មនុស្សធម៌នៃក្តីស្រលាញ់ របស់ប្រទេសសិង្ហបុរី, មូលនិធិចក្ខុខ្មែរ, និងអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា រួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា ៥០ រូប សរុបប្រមាណ ៨៥ រូប បានមកដល់ទឹកដីស្រុកប្រាសាទសំបូរ
ដើម្បីផ្តល់ជូនការពិនិត្យ និងព្យាបាល ភ្នែក-ត្រចៀកដោយឥតគិតថ្លៃ ជូនលោកតា លោកយាយ ពូ មីង និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង ១ ៤០០ នាក់ ឬច្រើនជាងនេះ ដើម្បីទទួលបានពិនិត្យ និងព្យាបាលសេវាទាំងនេះ។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញ ខាងភ្នែក-ត្រចៀកជាច្រើនទាំងក្នុងស្រុក និងបរទេសដូចជា មកពីមូលនិធិចក្ខុខ្មែរ, មូលនិធិរក្សាកុមារអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា, ក្រុមគ្រូពេទ្យជំនាញមកពីចក្រភពអង់គ្លេស, ប្រទេសអាល្លឺម៉ង់, និងអង្គការជំនួយមនុស្សធម៌សុខភាពអូស្តា្រលី ដែលបានមកបំពេញ បេសកកម្មពិនិត្យ
និងព្យាបាល ភ្នែកនិងត្រចៀក ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ បានប្រមាណជាង ៦ពាន់នាក់ ហើយទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់ ប្រកបដោយភាពរីករាយ និងស្នាមញញឹមប្រកបដោយក្តីសង្ឃឹម៕